នាយកធំម្នាក់នៅ Google ព្រមានថា ចិនជាមនុស្សឆ្លាតណាស់ ហើយអាចវ៉ាដាច់អាមេរិកខាងបច្ចេកវិជ្ជាខួរក្បាលសិប្បនិម្មិត (AI) ត្រឹមឆ្នាំ ២០៣០

លោក Eric Schmidt ដែលជា​ថ្នាក់ដឹកនាំ​កំពូល​នៅ​ក្រុមហ៊ុន Alphabet របស់​ក្រុមហ៊ុន Google បាន​ព្រមាន​ថា ប្រទេស​ចិន​នឹង​ស្ថិតនៅ​លើផ្លូវ​យកឈ្នះ​សហរដ្ឋអាមេរិក​ក្នុង​វិស័យ​បច្ចេកវិជ្ជា​ខួរក្បាល​សិប្បនិម្មិត (AI) ត្រឹម​ឆ្នាំ ២០២៥ ហើយនឹង​គ្របដណ្តប់​ឧស្សាហកម្ម​នេះ​នៅត្រឹម​ឆ្នាំ ២០៣០ ដរាបណា​អាមេរិក​មិនផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​របស់ខ្លួន​។​

​ការ​ថ្លែង​បែបនេះ​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែល​ទើបតែ​បានបង្ហាញ​យុទ្ធសាស្ត្រ​បច្ចេកវិជ្ជា​ខួរក្បាល​សិប្បនិម្មិត​របស់ខ្លួន​។ នៅក្នុង​សុន្ទរកថា​មួយ​នៅមុន​កិច្ចប្រជុំ​កំពូល​អំពី​បច្ចេកវិជ្ជា AI របស់​មណ្ឌល​សន្តិសុខ​ថ្មី​របស់​អាមេរិក និង​សន្តិសុខ​សកលលោក លោក​ស្មី​ត​បាន​សរសើរ​យ៉ាងខ្លាំង​អំពី​យុទ្ធសាស្ត្រ​បច្ចេកវិជ្ជា AI របស់​ចិន​។​

​លោក Eric Schmidt និយាយថា “​ទុកចិត្ត​ខ្ញុំ​ចុះ​។ ប្រជាជន​ចិន​ទាំងនេះ​ពូកែៗ​ណាស់​។ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ពួកគេ​ពូកែ​។ នៅត្រឹម​ឆ្នាំ ២០២០ ពួកគេ​នឹង​តាម​ទាន់ នៅត្រឹម​ឆ្នាំ ២០២៥ ពួកគេ​នឹង​ល្អប្រសើរ​ជាង​ពួកយើង ហើយ​នៅត្រឹម​ឆ្នាំ ២០៣០ ពួកគេ​នឹង​គ្របដណ្ដប់​លើ​ឧស្សាហកម្ម AI”​។​

​រហូតមកទល់​ពេលនេះ​ភាគច្រើនបំផុត​នៃ​របក​គំហើញ​នៃ​បច្ចេកវិជ្ជា AI គឺ​ចេញ​មកពី​ស្ថាប័ន​អាមេរិក​។ ទាំង​កុំព្យូទ័រ Deep Blue និង កុំព្យូទ័រ Watson របស់​ក្រុមហ៊ុន IBM បានបង្ហាញ​ពី​អំណាច​នៃ​ប្រព័ន្ធ​សិក្សា​ស៊ីជម្រៅ ដូច​យាន​ស្វ័យប្រវត្តិ​របស់​អង្គការ​ណា​សា​ដែរ ដូចជា យាន Spirit និង យាន Discovery ដែល​បាន​រុករក​ផ្ទៃ​ភព​ព្រះ​អង្គារ ដោយមាន​ជំនួយ​តិចតួច​បំផុត​ពី​មនុស្ស ហើយ​ក្រុមហ៊ុន​ដូចជា Ford និង General Motors បាន​នាំមុខគេ​ខាង​បច្ចេកវិជ្ជា AI នេះ​ក្នុង​យានយន្ត​ស្វ័យប្រវត្តិ​របស់ខ្លួន​។​

​ប៉ុន្តែ​យោងតាម​លោក​ Eric Schmidt ការនាំ​មុខ​ខាង​បច្ចេកវិជ្ជា AI នេះ​នឹង​មិនមាន​រយៈពេល​យូរ​ទេ​នេះ ហើយ​គាត់​មិន​សប្បាយចិត្ត​អំពី​រឿងនេះ​ទេ​។ លោក​បាន​សួរ​ទៅ​អ្នក​ស្តាប់​ថា “​តើ​យើង​មិនមែនជា​អ្នក​គ្របដណ្តប់​លើ​បច្ចេកវិជ្ជា AI ក្នុងប្រទេស​របស់​យើង​ទេ​? តើ​យើង​មិនមែនជា​អ្នកបង្កើត​បច្ចេកវិជ្ជា​នេះ​ទេ​? តើ​យើង​មិនមែនជា​អ្នក​ដែលមាន​ឆន្ទៈ​ក្នុង​ការទាញយក​ប្រយោជន៍​ពី​បច្ចេកវិជ្ជា​ទាំងអស់នេះ​ដើម្បី​ធ្វើ​ប្រសើរឡើង​នូវ​លក្ខណៈពិសេស​របស់​ជនជាតិ​អាមេរិក​និង​ទស្សនៈ​អំណួត​របស់​យើង​ទេ​?”​។​

​យោងតាម​លោក​ Eric Schmidt តើ​អ្វី​ទៅជា​ភាពខុសគ្នា​រវាង​ចិន​និង​សហរដ្ឋអាមេរិក​? ចម្លើយ​គឺ​សាមញ្ញ​ទេ គឺថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្កើត​យុទ្ធសាស្ត្រ​បច្ចេកវិជ្ជា AI ថ្នាក់ជាតិ ហើយ​បាន​លៃលក​ផ្តល់​មូលនិធិ​សាធារណៈ​ដែល​ត្រូវការ​ចាំបាច់​ដើម្បី​ធ្វើឱ្យ​បច្ចេកវិជ្ជា​នេះ​កើតឡើង​។ ចំណែក​អាមេរិក​វិញ​មិន​បានធ្វើ​អ្វី​ទាល់តែសោះ​។​

​លោក​ Eric Schmidt និយាយថា “​យើង​ត្រូវ​ការធ្វើសកម្មភាព​រួម​គ្នា​ក្នុងនាម​ជា​ប្រទេសមួយ​។ អាមេរិក​គឺជា​ប្រទេស​នាំមុខគេ​នៅក្នុង​វិស័យ​ទាំងនេះ​។ មាន​ហេតុផល​ច្រើនណាស់​ដែល​យើង​អាច​បន្ត​ភាពជា​អ្នក​នាំមុខ​នេះ​” ៕

adverise with khmeread