ម៉ែប្រាប់កូនឱ្យតេប្រាប់ឪពុកដើម្បីមកជុំបាយល្ងាចជាមួយគ្នា ស្រាប់តែឮសំឡេងមនុស្សស្រីនិយាយជំនួស, យប់ឡើងប្តីមកផ្ទះវិញទើបដឹងរឿង!

សំណើច៖ នៅថ្ងៃមួយមានម្ដាយម្នាក់ប្រាប់កូនប្រុសរបស់គាត់ឱ្យប្រើប្រាស់ទូរស័ព្ទរបស់គាត់តេទៅឪពុករបស់ខ្លួនដោយប្រាប់ថា អាហារពេលល្ងាចរួចរាល់ហើយ។

ម្ដាយ៖ កូនឯងមានប្រាប់ពុកកូននៅ?
កូនប្រុស៖ បាទម៉ែ កូនប្រាប់រួចហើយ!
ម្ដាយ៖ ហើយចុះពុកឯងថាម៉េច?
កូនប្រុស៖ អត់មាននិយាយអីផងម៉ែ។
ម្ដាយ៖ កូនឯងចង់ថាម៉េច ពុកឯងមិននិយាយអីទេ?
កូនប្រុស៖ ខ្ញុំបានតេទៅគាត់បីដងហើយៗរាល់ពេលដែលតេទៅនោះ ស្ត្រីម្នាក់ជាអ្នកឆ្លើយជំនួស។
ម្ដាយ៖ ហឺ! កូនឯងចាំមើលថាតើនឹងមានរឿងអីកើតឡើងពេលឪឯងមកផ្ទះវិញ។

ឪពុកក៏បានមកដល់ផ្ទះហើយខណៈឡានបែរគូទចូលចំណត ម្ដាយក៏ស្ទុះចេញក្រៅផ្ទះ ក្របួចកអាវប្ដី ហើយចាប់ផ្ដើមជេរប្រទេចប្តី។ អ្នកជិតខាងទាំងអស់នាំគ្នាចេញមកទស្សនាដើម្បីដឹងហេតុការណ៍អ្វីកំពុងកើតឡើង។

ម្ដាយ៖ យើស! អាប្ដីជើងល្អ អាប្ដីក្បត់ប្រពន្ធ អាប្ដីពូកែកុហក។ "លោកឯង" ពិតជាគិតថា យើងអត់ដឹងថាលោកឯងនិងស្រីម្នាក់នោះកំពុងធ្វើអីមែនទេ?! អាកូនម៉ែឆាប់ចេញមកហើយប្រាប់អ្នករាល់គ្នាអំពីស្រីម្នាក់នោះដែលនិយាយជាមួយកូនឯង។
កូនប្រុស៖ បាទម៉ែ! ស្រីម្នាក់នោះបាននិយាយថា "សូមអភ័យទោស! លោកអ្នកមិនមានទឹកប្រាក់គ្រប់គ្រាន់ដើម្បីធ្វើការហៅចេញទេ"៕

adverise with khmeread