បុរាណវិទូចិនរកឃើញភស្តុតាងបង្ហាញថាមនុស្សបុរាណនៅតាមរូងភ្នំ កាលពីជាង៥ពាន់ឆ្នាំមុន ក៏ចេះធ្វើកសិកម្មដែរ

យោងតាមក្រុមអ្នកវិទ្យាសាស្ត្រផ្នែកបុរាណវិទូមកពីវិទ្យាស្ថានបុរាណវិទ្យានៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន (IA of CASS) ក្រុមបុរាណវិទូចិនបានរកឃើញបរិមាណអង្ករដែលមានជាតិកាបូនជាច្រើននៅក្នុងគុហាដែលមានអាយុកាលតាំងពីយុគថ្មរំលីង ឬពាក្យបច្ចេកទេសគេហៅថា (Neolithic) ដែលមានន័យថាការចាប់ប្រើវិធីកសិកម្ម។

វាគឺជារូងភ្នំដែលមនុស្សធ្លាប់ប្រើប្រាស់ទីមួយក្នុងសង្គមកសិកម្មដែលមិនធ្លាប់រកឃើញក្នុងប្រទេសចិន ហើយវាក៏ជាការដេញដោលមួយផងដែរទៅនឹងទស្សនៈចម្រូងចម្រាស់មួយដែលថា អ្នកដើរត្រាច់ចរតាមរូងភ្នំគ្រាន់តែជាអ្នកប្រមាញ់សត្វប៉ុណ្ណោះ មិនចេះត្រួសត្រាយដីធ្វើកសិកម្មដើម្បីអាហារឡើយ។

លោកចាវជឺជុន អ្នកវិទ្យាសាស្ត្រឈានមុខនៃ IA of CASS បានថ្លែងថា ស្រូវជាង ១០.០០០ គ្រាប់ត្រូវបានរកឃើញក្នុងរូងភ្នំទីបួនក្នុងតំបន់ខ្ទេចខ្ទាំណានសាន ភាគអាគ្នេយ៍នៃខេត្តហ្វូចៀន ប្រទេសចិន។

ការជីកកកាយតំបន់ណានសានបានចាប់ផ្ដើមក្នុងឆ្នាំ ២០១២។ តំបន់ខ្ទេចខ្ទាំណានសានអាចមានអាយុកាល ៥.៣០០ ទៅ ៤.៣០០ ឆ្នាំ។ មានរូងភ្នំរាប់ពាន់ វត្ថុរាប់ពាន់ធ្វើពីឥដ្ឋ ថ្ម និងឆ្អឹង ក៏ដូចជាផ្នូរចំនួន ៨ និងអាងស្តុកទឹកចំនួនពីរត្រូវបានរកឃើញនៅទីតាំងនេះ។

អង្ករនេះត្រូវគេជឿថា ត្រូវបានដាំដុះដោយអ្នករស់នៅក្នុងរូងភ្នំណានសានជាជាងការទទួលបានដោយមធ្យោបាយដទៃ ដូចជាប្រមូលឬដោះដូរ ព្រោះស្រែចម្ការជាច្រើនក៏ត្រូវបានរកឃើញជាមួយគ្រាប់អង្ករផងដែរ។

លោកវ៉ាងមីងហួយ អនុប្រធាន IA of CASS បានថ្លែងថា ស្របពេលនេះដែរ ការសិក្សារបស់ក្រុមនៅរូងភ្នំដែលនៅសល់បានបង្ហាញថា បុព្វបុរសទាំងនេះបានកើតជំងឺពុកធ្មេញ និងជំងឺមាត់ធ្មេញ ដែលកើតមានទូទៅក្នុងចំណោមមនុស្សក្នុងសង្គមពឹងផ្អែកលើកសិកម្ម។

លោកវ៉ាងបានថ្លែងថា "វាបង្ហាញបន្ថែមទៀតថា អ្នកស្រុកណានសានមានភាពស្ទាត់ជំនាញក្នុងបច្ចេកទេសកសិកម្មមួយចំនួន"។

ទោះយ៉ាងណា ការរកឃើញនេះបានលើកឡើងនូវសំណួរមួយទៀតដែលនៅមិនទាន់ដោះស្រាយបាន។ ហេតុអ្វីបានជាបុព្វបុរសណានសានបន្តរស់នៅក្នុងរូងភ្នំបន្ទាប់ពីពួកគេចាប់ផ្ដើមធ្វើកសិកម្ម?

តាមជំនឿជាទូទៅគេជឿថា ក្នុងសង្គមពឹងផ្អែកលើកសិកម្មចង់ផ្លាស់ប្ដូរទីលំនៅពីរូងភ្នំមួយទៅផ្ទះធំទូលាយជាងមុនដោយសារកំណើនប្រជាជន ដែលទទួលបានការផ្គត់ផ្គង់ពីស្បៀងអាហារមានស្ថិរភាពពេញលេញ។

លោកចាវបានថ្លែងថា "ការរកឃើញនៅណានសានផ្ដល់នូវទស្សនវិស័យថ្មីមួយទៀតចំពោះការសិក្សាពីបុរេប្រវត្តិ។ យើងត្រូវតែពិចារណាអំពីលទ្ធភាពបន្ថែមនៅពេលនិយាយអំពីកន្លែងដែលបុព្វការីរបស់យើងបានរស់នៅនិងអ្វីដែលពឹងផ្អែក"៕
 

adverise with khmeread