Samsung ចេញវីដេអូពាណិជ្ជកម្មមួយ ផ្សព្វផ្សាយទូរស័ព្ទ Note 8 ឆ្លៀតបាញ់ iPhone X ឈឺៗ ជាពិសេសបាញ់ចំណុចខ្សោយបំផុតរបស់ Apple

គ្រាន់តែទូរស័ព្ទ iPhone X ចេញលក់បានបីថ្ងៃភ្លាម ក្រុមហ៊ុន Samsung បានចេញផ្សាយពាណិជ្ជកម្មមួយដុតក្រុមហ៊ុន Apple ឈឺៗដើម្បីផ្សព្វផ្សាយស្មាតហ្វូន Galaxy Note 8 របស់ខ្លួន។

ការផ្សាយពាណិជ្ជកម្ម "បែបដុតឈឺៗនេះ" គឺបង្ហាញពីការវិវត្តរបស់ទូរស័ព្ទ iPhone នាពេលកន្លងមក រួមជាមួយម៉ូដែលទូរស័ព្ទរបស់ Samsung កាលពីមុន ដោយភាគច្រើនគឺចម្អកឱ្យការរចនាម៉ូតក្រុមហ៊ុន Apple ។

ការផ្សាយពាណិជ្ជកម្មនេះថែមទាំងវាយធ្ងន់ៗលើទូរស័ព្ទរំលឹកខួបទី ១០ របស់ក្រុមហ៊ុន Apple ផងដែរគឺ iPhone X តម្លៃ ៩៩៩ ដុល្លារ ដែលខ្វះកន្លែងដោតកាសស្តាប់ ដោយធ្វើឱ្យអ្នកប្រើពិបាកស្តាប់ជាលក្ខណៈឯកជនឱ្យបានលឿនដូចបំណង។

ការចម្អកចុកចាប់បំផុតគឺ "រន្ធស្តាប់សំឡេង" ក្រោមកាមេរ៉ាខាងមុខរបស់ iPhone X គឺរក្សារូបរាងដដែលមិនចេះប្តូរ ១០ ឆ្នាំមកហើយ។

ក្រុមហ៊ុន Samsung បានចេញផ្សាយពាណិជ្ជកម្ម ដោយហៅ "Samsung Galaxy ថា ធំលូតលាស់" នៅទូទាំងពិភពលោកកាលពីម្សិលមិញ។

ក្នុងវីដេអូពាណិជ្ជកម្មនោះ មានតួអង្គប្រុសម្នាក់ទិញម៉ូដែល iPhone ជាច្រើនឆ្នាំ គឺចាប់ពី iPhone 3GS រហូតដល់ iPhone 7 ។

ជារៀងរាល់ឆ្នាំ តួអង្គប្រុសតែងជួបបញ្ហាជាមួយ iPhone របស់គាត់ ខណៈដែលមិត្តស្រីរបស់គាត់ដែលប្រើទូរស័ព្ទ Samsung ជាច្រើនឆ្នាំ មិនបានប្រឈមមុខនឹងបញ្ហាម្តងណាឡើយ។

ទូរស័ព្ទ iPhone 3GS ត្រូវបានគេផ្សាយចម្អក ព្រោះខ្វះខាតទំហំអង្គចងចាំផ្ទុកទិន្នន័យ ខណៈពេលដែលទូរស័ព្ទ iPhone 5S ត្រូវបានគេចម្អកថា មិនត្រូវគ្នាជាមួយប៊ិក Stylus ។

ក្នុងឆ្នាំ ២០១៥ តួអង្គប្រុសនោះមិនអាចប្រើទូរស័ព្ទរបស់គាត់ពេលភ្លៀងបានទេ ខណៈក្នុងឆ្នាំ ២០១៦ ទូរស័ព្ទរបស់គាត់ចូលទឹកខូច ដែលនេះជាការចម្អកមួយទៅលើការរចនាម៉ូត ដែលអួតថាមិនចេះជ្រាបទឹក។

តោះសូមទស្សនាទាំងអស់គ្នាថាតើពាណិជ្ជកម្មនេះដុតឈឺៗកម្រិតណា!៕

adverise with khmeread