ក្រុមហ៊ុនធំរបស់ជប៉ុន Toshiba បាននិយាយកាលពីថ្ងៃអង្គារថា មិនបានពិចារណាដកចេញនូវផលិតផលកុំព្យូទ័រ និងលក់រោងចក្រនៅខេត្តហាងចូវនៅប្រទេសចិននោះទេ។
ការលើកឡើងរបស់អ្នកនាំពាក្យរបស់ក្រុមហ៊ុន Toshiba បានធ្វើឡើងបន្ទាប់ពីកាសែត Sankei បានរាយការណ៍ថា ក្រុមហ៊ុនពហុផលិតផលរបស់ជប៉ុនមួយនេះគ្រោងនឹងដកនូវផលិតផលកុំព្យូទ័រចេញ ដើម្បីរៀបរចនាសម្ព័ន្ធអាជីវកម្មឡើងវិញ ក្រោយមានរឿងអាស្រូវទាក់ទងនឹងគណនេយ្យដ៏ធំមួយ។
កាសែត Sankei បានសរសេរក្នុងនោះទៀតថា Toshiba, Fujitsu Ltd, និង VAIO កំពុងពិភាក្សាអំពីការរួមបញ្ជូលគ្នាជាក្រុមហ៊ុនតែមួយ។ Toshiba នឹងបោះផលិតផលកុំព្យូទ័រម៉ាក់ Dynabook ទៅរោងចក្រ Fujitsu និង VAIO ខណៈក្រុមហ៊ុននេះផ្ដោតសំខាន់លើការ Design និងការអភិវឌ្ឍន៍ ដើម្បីជួយកាត់បន្ថយការចំណាយ៕
