ប្រទះឃើញ បុគ្គលិក ធនាគារ ប្រាសាក់ ដេកស្លាប់ក្នុងបន្ទប់ជួល

ភ្នំពេញ ៖ ប៉ូលិសបឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទទួលពត៌មានពីករណីមនុស្សដេកស្លាប់ នៅក្នុងផ្ទះលេខ៨ បន្ទប់ជួល លេខ២២ ផ្លូវលេខ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលា ម៉ោងប្រហែល ១១និង៣០នាទី។

ប៉ូលិសនិយាយថា សពឈ្មោះ ធីម ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី២ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាបុគ្គលិក ធនាគារ ប្រាសាក់ ស្នាក់នៅបន្ទប់ជួលលេខ២២ ផ្ទះលេខ៨ ផ្លូវ លេខ២៦១ ក្រុមទី១៣ ភូមិ៤ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការបំភ្លឺអះអាងរបស់ឈ្មោះ ខូយ ចាន់ដេត ភេទស្រីអាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ជាអ្នកជួលផ្ទះក្បែរ ផ្ទះរបស់សព បានអះអាងថា ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១១:១០នាទី ខ្លួនកំពុងនៅខាងក្រោម ស្រាប់តែឈ្មោះ ក្រឹម ធីតា ភេទស្រី អាយុប្រហែល២៣ឆ្នាំ ជនជាតិខ្មែរ ជាអ្នកជួលបន្ទប់លេខ២១ ជាប់បន្ទប់សព បានស្រែកប្រាប់មកខ្លួនថា មានសំលេងទូរស័ព្ទរោទ៍ជាច្រើនដង នៅក្នុងបន្ទប់របស់ឈ្មោះ ធីម ចន្ថា តែគ្មានអ្នកលើក។

ពេលនោះក៏មានអ្នកជិតខាង មកជួយ មើលហើយគោះបន្ទប់តែគ្មានសូរសំលេងឆ្លើយតប ភ្លាមនោះអ្នកជិតខាងក៏ជួយគាស់ចំរឹងបង្អួចពីខាងមុខចូល មកមើលក្នុងបន្ទប់ ក៏ឃើញឈ្មោះ ធី ចន្ថា ដេកនៅលើប៉ៅ អីដែកបត់មាន បែកពពុះមាត់។

បន្ទាប់មកខ្លួនស្មានតែនៅរស់ក៏យកក្រូចឆ្មារកាត់រួចយកទៅច្របាច់ចូលដាក់ក្នុងមាត់ របស់ឈ្មោះ ធីម ចន្ថា ក៏ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ខ្លួន និងម្ចាស់ផ្ទះក៏រាយការប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យ តែម្ដង។

តាមការអះអាងពីឈ្មោះ ធីម ចន្ធី ភេទ អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក ធនាគារស្ថាបនា ត្រូវជាប្អូនបង្កើតសពបានអះអាងថា បងប្រុសរបស់ខ្លួនឈ្មោះ ធីម ចន្ថា ជួលផ្ទះនៅតែឯង ហើយបងប្រុសខ្លួនធ្លាប់មានជំងឺក្រពះពោះវៀន ធម្មតា។

តាមការសន្និដ្ឋានតាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង លោក ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ រាជធានីភ្នំពេញ ថា ជនរងគ្រោះ ស្លាប់ដោយសារការគាំងបេះដូងស្លាប់។

បច្ចុប្បន្នសព បានប្រគល់ឱ្យឈ្មោះ ចាន់ ថេត ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជាពូ យកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិ អង្គរបានទី៨ ឃុំ អង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម៕

      

adverise with khmeread