ថៃបញ្ជូនអ្នកជំនាញទៅពិនិត្យសាកសពបុរស៤នាក់នៅភូមិមួយ បន្ទាប់ពីផ្អើលពេញប្រទេសថាមានអាបស៊ីពោះវៀនមនុស្ស

មន្ត្រីសុខាភិបាលថៃដោយរួមបញ្ចូលគ្រូពេទ្យម្នាក់និងក្រុមអ្នកចិត្តសាស្ត្រ ត្រូវបានគេបញ្ជូនទៅស្រុកនងខុនស៊ី នៃខេត្តខាឡាស៊ីន បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា "អាបស៊ីពោះវៀន" បានសម្លាប់បុរសបួននាក់។

ពាក្យចចាមអារ៉ាមនេះបានជំរុញឱ្យមន្ត្រីសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត Prawit Sriboonrat ចាត់វិធានការដើម្បីព្យាយាមរម្ងាប់អារម្មណ៍ភ័យខ្លាចរបស់អ្នកភូមិ។

ទោះយ៉ាងណា អ្នកភូមិក្នុងភូមិមូបី មូប្រាំបី និងមូ១១ នៃស្រុកនងស័ងបានចាត់វិធានការដោយជួលតាបសដើម្បីធ្វើពិធីអប្បិយជំនឿដើម្បីបណ្ដេញខ្មោចអាប។ អ្នកភូមិបាននិយាយថា ពួកគេជឿថាអាបបានស៊ីគ្រឿងក្នុងបុរសបួននាក់ដោយបង្កឱ្យពួកគេស្លាប់។

ជំនឿរបស់ពួករស់នៅភាគឦសានទាក់ទងនឹងអាប គឺជាព្រលឹងដែលលងបន្លាចជនរងគ្រោះនិងស៊ីគ្រឿងក្នុងពួកគេរហូតដល់ស្លាប់។ អាបនេះតែងត្រូវបានកំណត់ជាព្រលឹងខ្មោចស្រី។

លោក Prasit Singhamat ប្រធានភូមិមូបីបានថ្លែងនៅថ្ងៃម្សិលមិញថា ពិធីនោះបានរម្ងាប់អារម្មណ៍អ្នកភូមិហើយពួកគេហាក់ឈប់បារម្ភហើយ។ មនុស្សភាគច្រើនដែលបានត្រឡប់ពីពិធីបុណ្យមានស្នាមញញឹម។

ទោះយ៉ាងណា វេជ្ជបណ្ឌិត Pairat Songkhram ប្រធានក្រុមសុខាភិបាល អ្នកឯកទេសវេជ្ជសាស្ត្របង្ការម្នាក់បានថ្លែងថា ក្រុមមន្ត្រីនឹងបន្តស្វែងរកមូលហេតុនៃការស្លាប់តាមបែបវិទ្យាសាស្ត្រ ហើយអ្នកចិត្តសាស្ត្រនឹងសម្ភាសក្រុមគ្រួសារបុរសទាំងបួននាក់នោះ។

វេជ្ជបណ្ឌិត Pairat បាននិយាយថា "ត្រង់ចំណុចនេះយើងបានរកឃើញថា បុរសទាំងបួននាក់បានស្លាប់ដោយសារជំងឺឆ្លងបាក់តេរី 'Leptospirosis' និងបញ្ហាសម្ពាធឈាមផ្សេងទៀត"។ វេជ្ជបណ្ឌិតបានបន្ថែមថា គាត់ក៏បានណែនាំសមាជិកក្រុមឱ្យចៀសវៀងនិយាយអ្វីដែលនឹងចំអកឬប៉ះពាល់ដល់ជំនឿរបស់អ្នកភូមិ៕

adverise with khmeread