គាស់ទ្វាររបងចំណតរថយន្តលួចម៉ូតូមួយគ្រឿងត្រូវប៉ូលិសវ៉ៃខ្នោះម្នាក់

​ភ្នំពេញ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣បានទទួលឃាត់ខ្លួនជនសង្ស័យយួនម្នាក់ នៅថ្ងទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ពីបទ លួចគាស់របងទ្វារចំណតរថយន្តក្រុង សាំង យូលេស  លួចម៉ូតូមួយគ្រឿងដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១ និង៤០នាទី រំលងអាធ្រាត្រ នៅចំណុចចំណតរថយន្តក្រុងសាំង យូលេស ដែលមានទីតាំងដីឡូត៍គ្មានលេខ ផ្លូវលេខ ២៣០ កែងលេខ២៥៣ ក្រុមទី ១៦ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ កាន ពៅ ហៅ សឺង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិយួនមុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល គ្មានលេខ ផ្លូវ២១៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។

​ចំណែកជនរងគ្រោះឈ្មោះ ហែម កុសល្យ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនរថយន្តក្រុង សាំងយូលេស ស្នាក់នៅក្នុងចំណតរថយន្តក្រុងសាំងយូលេស ទីតាំងដីឡូត៍គ្មានលេខ ផ្លូវលេខ២៣០ កែង២៥៣ ក្រុមទី១៦ ភូមិ៦ សង្កាត់ ទឹកល្អក់ ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​សម្ភារ:បាត់បង់មានម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2012 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1M-9522 ដែលមានលេខតួ និងលេខម៉ាស៊ីន 8723074។

​ប៉ូលិសបន្តថា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៩យប់ជនរងគ្រោះឈ្មោះ ហែម កុសល្យ បានយកម៉ូតូមួយគ្រឿងម៉ាក Honda C125 ស៊េរី2012 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1M-9522 មកចតទុកនៅក្នុងបរិវេណចំណតរថយន្តក្រុង សាំងយូលេស ដោយពុំបានដកកូនសោម៉ូតូចេញពីម៉ូតូទេ ហើយជនរងគ្រោះបានចាក់សោរបងទ្វារចំណតរថយន្តត្រឹមត្រូវ រួចជនរងគ្រោះក៏ចូលទៅសម្រាកនៅក្នុងបន្ទប់។ 

​លុះរហូតដល់ម៉ោងប្រហែល០១ និង៤០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ជនរងគ្រោះភ្ញាក់ពីដំណេកវិញ ស្រាប់តែបាត់ម៉ូតូតែម្ដង។ ក្រោយកើតហេតុជនរងគ្រោះបានសាកសួរអ្នករត់ម៉ូតូកង់បីនៅក្បែរនោះទើបស្គាល់ជនសង្ស័យឈ្មោះ កាន ពៅ ហៅ សឺង ដែលធ្លាប់ដើរកាត់ចំណតរបស់ខ្លួនជាញឹកញាប់ និងបក្ខពួក ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ អោយសមត្ថកិច្ចជួយ ស្រាវជ្រាវជនល្មើស។   

​មកដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល១១យប់ ជនរងគ្រោះបានឃើញជនសង្ស័យឈ្មោះ កាន ពៅ ហៅ សឺង បានដើរនៅផ្លូវ២៣០កែងផ្លូវ លេខ២៤៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ឃាត់ខ្លួន យកមកប្រគល់ឱ្យសមត្ថកិច្ច​តែម្ដង។

​ជនសង្ស័យឈ្មោះ កាន ពៅ ហៅ សឺង បានសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាពលួចគាស់របងចំណតរថយន្តក្រុងសាំង យូលេស យកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន  ជាមួយនិងបក្ខពួក០៤នាក់ទៀត (គេចខ្លួន បាត់)។

​បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាន ខណ្ឌទួលគោក ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread