ឃាត់ជនអន្តោប្រវេសន៍យួនខុសច្បាប់១៥នាក់នៅច្បារអំពៅ

​ភ្នំពេញ ៖ កម្លាំងផ្នែកគ្រប់គ្រងជនបរទេសខណ្ឌច្បារអំពៅ និងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលច្បារអំពៅទី២ បានចុះសហការជាមួយប៉ូលិសនាយកដ្ឋានស៊ើបអង្កេត នឹងស្រាវជ្រាវអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងការិយាល័យជនបរទេស រាជធានីភ្នំពេញ ដោយមានការសម្របសំរួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៨ វិច្ឆិកា ២០១៧ វេលាម៉ោង៣នាទីរសៀល ចុះឃាត់ជនអន្តោប្រវេសន៍យួនខុសច្បាប់១៥នាក់។

​ប្រតិបត្តិការនេះដឹកនាំចុះប្រតិបត្តិដោយលោកឧត្តមសេនីយឯកអ៊ុក ហៃ សីលា ប្រធាននាយកដ្ឋានស្រាវជ្រាវនឹងស៊ើបអង្កេតអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បានចុះធ្វើការត្រួតពិនិត្យជនអន្តោប្រវេសន៍ជាជនជាតិយួននៅគោលដៅផ្ទះជួល និងកន្លែងលក់កាហ្វេ ស្ថិតនៅភូមិកណ្តាល១និងដើមចាន់1 ផ្លូវលេខ៣៦៩ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានរកឃើញជនអន្តោប្រវេសន៍ជាជនជាតិវៀតណាមចំនួន១៥នាក់ ស្រី៥នាក់ដែលមិនមានឯកសារច្បាស់លាស់ ត្រូវបាននាយកដ្ឋានស៊ើបអង្កេត និងស្រាវជ្រាវ អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃយកទៅដើម្បីមានវិធានការតាមនីតិវិធី។

​កិច្ចប្រតិបត្តិការនេះបញ្ចប់នៅវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃ ខែ ឆ្នាំដដែល៕

adverise with khmeread