ប្លែកទៀតហើយ! រថយន្តម៉ាកដូចគ្នា ស្លាកលេខដូចគ្នា មានកាតគ្រីដូចគ្នា ក្លាយជាជនរងគ្រោះទាំង២

​ភ្នំពេញ ៖ ករណីរថយន្តមានម៉ាកដូចគ្នា ស្លាកលេខដូចគ្នា មានកាតគ្រីដូចគ្នា បង្កឱ្យផ្អើលអស់ខណ្ឌចំការមននោះ ឥឡូវម្ចាស់រថយន្តទាំង២គ្រឿង បានក្លាយជនរងគ្រោះដូចគ្នា កាលពីល្ងាចថ្ងៃទី៨ វិច្ឆិកា ២០១៧។

​លោក ហង្ស វាសនា ម្ចាស់រថយន្តដែលរងនូវការប្តឹងពីភាគីម្ចាស់រថយន្តម្ខាងទៀត នោះ បានបញ្ជាក់ប្រាប់ តាមរយៈទូរស័ព្ទនៅយយប់ថ្ងៃទី៨នេះថា រថយន្តរបស់លោកមានឯកសារត្រឹមត្រូវ ហើយសមត្ថកិច្ចបានអនុញ្ញាតឱ្យរថយន្តរបស់លោកមកកាន់លំនៅដ្ឋានវិញហើយ នៅតែរថយន្តម្ខាងទៀតប៉ុណ្ណោះ។ 

​លោកបញ្ជាក់ថា រថយន្តទាំង២សុទ្ធតែទិញតពីគេដូចគ្នា ទំនងម្ចាស់រថយន្តម្ខាងទៀត ក៏គាត់ចាញ់បោកគេដែរ។ 

​លោកអធិការរងខណ្ឌចំការមន ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌដែលកាន់សំណុំរឿង នេះ ក៏បានបញ្ជាក់ដែរថា រថយន្តរបស់លោក ហង្ស វាសនា ពិតជាសមត្ថកិច្ចអនុញ្ញាតឱ្យចាកចេញទៅកាន់លំនៅដ្ឋានមែន ដោយសាររថយន្តនិងកាតគ្រី ផ្ទៀងផ្ទាត់ទៅពិតជាត្រឹមត្រូវ។ រីឯរថយន្តដែលមានកាតគ្រីម្ចាស់ឈ្មោះ អ៊ុំ ស្រីលីន គឺផ្ទៀងផ្ទាត់ពុំត្រឹមត្រូវជាមួយលេខម៉ាស៊ីនរថយន្តនោះទេ ទើបសមត្ថកិច្ចសម្រេចឃាត់រថយន្តនេះទុក ដើម្បីចាត់ការបន្ត។ 

​សូមបញ្ជាក់ថា ដំបូងឡើយ ម្ចាស់រថយន្តឈ្មោះ អ៊ុំ ស្រីលីន ជាអ្នកឃើញនិងប្តឹងសមត្ថកិច្ចព្រោះឃើញរថយន្ត១គ្រឿងទៀត ពាក់ស្លាកលេខដូចរថយន្តរបស់ខ្លួន។ ប៉ុន្តែចុងក្រោយបែរជារថយន្តរបស់ខ្លួនមានភាពមិនប្រក្រតីទៅវិញ។ 

​គួររំលឹកថា ករណីចម្លែកបំផុត ដោយរថយន្តម៉ាកដូចគ្នា ស្លាកលេខដូចគ្នា ត្រូវបាន ភាគីរថយន្តម្ខាងប្រទះឃើញ នៅតាមដងផ្លូវ រួច ប្តឹងសមត្ថកិច្ចឱ្យជួយដោះស្រាយ កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវ១៦៣ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ខណៈភាគីរថយន្ត ដែល មានម្ចាស់ឈ្មោះ អ៊ុំ ស្រីលីន ប្រទះឃើញ រថយន្តស្លាកលេខដូចគ្នា ម្តុំវត្តមហាមន្រ្តី។ 

​រថយន្តភាគីទី១ ម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-3108 មានម្ចាស់កម្មសិទ្ធិឈ្មោះ អ៊ុំ ស្រីលីន និងរថយន្តភាគីទី២ មានម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-3108 មានម្ចាស់កម្មសិទ្ធិឈ្មោះ ហង្ស វាសនា៕

adverise with khmeread