កុនកមួយបាត់! នាងត្រចៀកកាំ និងប្តី ប្រើព័ត៌មានក្លែងក្លាយបង្ខូចទីផ្សារ ឥឡូវជាប់បម្រាមក្នុងផ្សារមូលបត្រចិន ៥ ឆ្នាំ

យោងតាមប្រភព Channelnewsasia ថ្ងៃសុក្រនេះបានឱ្យដឹងថា គណៈកម្មាធិការនិយតកម្មមូលបត្រចិន (CSRC) បាននិយាយកាលពីថ្ងៃពុធទី៨វិច្ឆិកាថា តារាសម្តែងចិននាងចាវ វៃ (ត្រចៀកកាំ) និងប្តីរបស់នាង ឈ្មោះ ហ័ង យូឡុង ត្រូវបានពិន័យនិងហាមឃាត់ពីទីផ្សារមូលបត្រចិនរយៈពេល ៥ ឆ្នាំដោយសារការប្រើប្រាស់ព័ត៌មាន "ក្លែងក្លាយដើម្បីបំភ័ន្តទីផ្សារ"។

ក្រុមហ៊ុនរបស់នាងចាវ វៃ ឈ្មោះថា Longwei Culture & Media បានប្រកាសកាលពីខែធ្នូថាខ្លួននឹងចំណាយប្រាក់ ៣ ពាន់លានយ័ន (ជាង ៤៥២ លានដុល្លារ) ដើម្បីទិញក្រុមហ៊ុនគំនូរជីវចលមិនសូវល្បីមួយ ឈ្មោះថា Zhejiang Sunriver Culture ដែលបានចុះបញ្ជីនៅក្នុងទីក្រុងសៀងហៃ។

ទោះយ៉ាងណា នៅដើមខែកុម្ភៈ ក្រុមហ៊ុនរបស់នាងបាននិយាយថា ខ្លួននឹងច្រានចោលការដេញថ្លៃទិញភាគហ៊ុនចំនួន ២៩ ភាគរយរបស់ក្រុមហ៊ុនគំនូសជីវចលខាងលើ បន្ទាប់ពីនិយតករបានចេញលិខិតស្នើសុំព័ត៌មានបន្ថែមអំពីកិច្ចព្រមព្រៀងនេះ។

ការស៊ើបអង្កេតរបស់ CSRC បានរកឃើញថា នាងត្រចៀកកាំនិងក្រុមហ៊ុនរបស់នាងបានរំលោភលើច្បាប់នៃការបញ្ចេញព័ត៌មាន ដោយប្រកាសនិងបំភ័ន្តអំពីចេតនាទិញភាគហ៊ុនក្រុមហ៊ុនដទៃដោយគ្មានធនធានគ្រប់គ្រាន់ឬការគាំទ្រពីស្ថាប័នហិរញ្ញវត្ថុណាមួយសោះ។

យោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន Zhejiang Sunriver Cultural ឱ្យដឹងថា សម្រាប់បញ្ហានេះ ភាគីទាំងពីរបាន "ធ្វើឱ្យមានការភ័ន្តច្រឡំយ៉ាងខ្លាំងដល់ទីផ្សារជាមួយនឹងព័ត៌មានក្លែងក្លាយ"។

ពាក្យបណ្តឹងបានលើកឡើងទៀតថាដំណឹងនៃការទិញភាគហ៊ុនក្រុមហ៊ុននេះ "បានប៉ះពាល់ទីផ្សារយ៉ាងខ្លាំង" ដោយសារតែភាពល្បីល្បាញនិងប្រជាប្រិយភាពរបស់នាងត្រចៀកកាំ។

ទាក់ទិននឹងបទល្មើសនេះ ភាគីទាំងពីរត្រូវបានពិន័យជាប្រាក់ចំនួន ៣០០.០០០ យ័នរៀងៗខ្លួន៕

 

adverise with khmeread