ចោរមួយហ្វូង ប្រដាប់ដោយកាំភ្លើងខ្លី ភ្ជង់គូសង្សារទើបចេញពីធ្វើការ យកលុយ៣ម៉ឺន និងម៉ូតូទៅបាត់

ភ្នំពេញ ៖ នារីម្នាក់ជាមេកាខារ៉ាអូខេ Best Star រួមនិងសង្សារទើបតែជិះម៉ូតូចេញពីក្លឹប ត្រូវពួកចោរប្លន់ យកទាំងម៉ូតូ យកកាបូបលុយ ទៅបាត់ នៅ វេលា ម៉ោង៣ និង០៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចខាងមុខវត្តវង្គតបុរី តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៉ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះជាសង្សារនឹងគ្នា ទី១ឈ្មោះ នៅ សុវណ្ណារដ្ឋ ភេទ ស្រី អាយុ២០ឆ្នាំ មុខរបរ មេកា ខារ៉ាអូខេ Best Star ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារ អំពៅ ខណ្ឌច្បារអំពៅ និង ឈ្មោះ យ៉ង់ សូវៀត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរចុងភៅនៅហាងផឹកស៊ីមួយកន្លែង។ បាត់បង់សម្ភារៈ ម៉ូតូ១គ្រឿងម៉ាក Zusuki Nex និងកាបូប មានលុយ៣ម៉ឺនរៀល និងសម្ភារៈតុបតែងមុខ។

ជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា ពួកគេជាសង្សារនឹងគ្នា ទើបជិះមូតូចេញពីក្លឹប រីលុច្ស (ម្តុំផ្សារស៊ិនជូរី) ជូនសង្សារស្រីទៅផ្ទះ តាមមហាវិថីសហព័ន្ធរុស្ស៊ី លុះមកដល់មុខវត្តវង្គតបុរី ជិតផ្សារទឹកថ្លា ក៏មានហ្វូងចោរម៉ូតូ៣គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី ភ្ជង់យកម៉ូតូនិងកាបូបពួកគេទៅបាត់ ដោយគ្មាននរណាហ៊ានជួយនោះទេ។

ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ទឹកថ្លា ដើម្បីឱ្យសមត្ថកិច្ចជួយរកទ្រព្យសម្បត្តិពួកគេមកវិញ៕

adverise with khmeread