ពិតជាភ្ញាក់ផ្អើលណាស់! អ្នកវិទ្យាសាស្ត្រមានគម្រោងក្លូនកូនតោដែលងាប់តាំងពី ៥០.០០០ ឆ្នាំ នៅតំបន់ទឹកកកស៊ីបេរី ឱ្យមានជីវិតលើផែនដីនេះឡើងវិញ

យោងតាមវេបសាយ Daily Mail កាលពីថ្ងៃទី៩វិច្ឆិកាបានឱ្យដឹងថា​ តោរស់នៅតំបន់រូងភ្នំដែលបានផុតពូជមួយក្បាល ដែលស្ថិតក្នុង "ស្ថានភាពល្អឥតខ្ចោះ" នោះ ត្រូវបានរកឃើញនៅក្រោមស្រទាប់ដីក្រោមទឹកកកនៅតំបន់ស៊ីបេរី ហើយក្បាលរបស់វានៅតែដាក់គងនៅពីលើក្រញ៉ាំយ៉ាងទន់ភ្លន់បន្ទាប់ពីងាប់ទៅកាលពី ៥០.០០០ ឆ្នាំមុន។

ការរកឃើញមិនធម្មតានេះ ដែលលើកឡើងពីក្តីសង្ឃឹមនៃការក្លូនសត្វបាត់បង់ជាយូរមកហើយនេះឱ្យរស់ឡើងវិញនៅក្នុងការពិសោធន៍យកស្ទីលតាមរឿង Jurassic Park ត្រូវបានបង្ហាញនៅទីក្រុង Yakutsk ដែលជារដ្ឋធានីនៃសាធារណរដ្ឋ Sakha របស់រុស្ស៊ី។

កូនតោនេះមានអាយុចន្លោះពី ៦ ទៅ ៨ សប្តាហ៍នៅពេលវាងាប់ដោយសារតែមូលហេតុមិនច្បាស់លាស់នៅក្រោមស្រទាប់ដីក្រោមទឹកកកក្នុងតំបន់ស៊ីបេរី។

កាសែត The Siberian Times ដែលដកស្រង់សម្តីលោកបណ្ឌិត Albert Protopopov អ្នកជំនាញផ្នែកវិទ្យាសាស្រ្តប្រចាំតំបន់ បានរាយការណ៍ថា ការថែរក្សាសាកសពតោនេះមានលក្ខណៈល្អខ្លាំងណាស់ដែលវាអាចបង្កើនក្តីសង្ឃឹមនៃការក្លូនប្រភេទសត្វនេះឱ្យមានជីវិតឡើងវិញ។

សត្វតោរូងធ្លាប់ជាសត្វតោដ៏ច្រើនបំផុតនៅលើភពផែនដី ដែលបានរស់នៅក្នុងតំបន់ត្រជាក់នៅអឌ្ឍគោលខាងជើង មុនពេលពួកវាងាប់ផុតពូជអស់។

លោក Albert Protopopov និយាយថា "វាគឺជាសត្វតោរក្សាទុកបានយ៉ាងល្អឥតខ្ចោះ ហើយអវយវៈទាំងអស់គឺនៅរក្សាបានដដែល។ ពុំមានស្នាមរបួសខាងក្រៅណាមួយនៅលើស្បែកវាទេ"។

ការវិភាគលើធ្មេញរបស់សត្វតោនេះត្រូវបានរំពឹងថានឹងផ្តល់នូវការចង្អុលបង្ហាញយ៉ាងច្បាស់លាស់អំពីអាយុពិតរបស់វា។ តោនេះមានប្រវែងប្រហែល ៤៦ សង់ទីម៉ែត្រ និងទម្ងន់ជិត ៤ គីឡូក្រាម ៕


adverise with khmeread