បន្លំចូលក្នុងផ្ទះគេលួចទ្រព្យសម្បត្តិចាប់បានម្នាក់, រត់រួច២នាក់

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនក្នុងករណី ប៉ុនប៉ងលួចទ្រព្យសម្បត្តិ កាលពីថ្ងៃទី១១ វិច្ឆិកា ២០១៧ ម៉ោង០២រំលងអធ្រាត្រនៅចំណុចផ្ទះលេខ៤៩ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ មាស ចន្ថា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។

ចំណែកជនសង្ស័យឃាត់ខ្លួនបានឈ្មោះ ប៉ោ ធារ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកើតហេតុ។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារសម្រាកក្នុងផ្ទះកើតហេតុ ពុំបានចាក់សោទ្វារផ្ទះទេ។ រហូតដល់ម៉ោង០២ថ្ងៃទី១១ វិច្ឆិកា ២០១៧ ស្រាប់តែមានជនសង្ស័យ ០៣ នាក់ ឈ្មោះ ប៉ោ ធារ៉ា, ឈ្មោះ ភ័ស្ស និងឈ្មោះ ណាក់ បន្លំបើកទ្វារផ្ទះជនរងគ្រោះចូលទៅក្នុងប៉ុនប៉ងលួចទ្រព្យសម្បត្តិ។

ពេលនោះក៏ត្រូវបានជនរងគ្រោះ និងក្រុមគ្រួសារឃើញ នាំគ្នាចាប់បានជនសង្ស័យម្នាក់ឈ្មោះ ប៉ោ ធារ៉ា យកមកប្រគល់ឱ្យសមត្ថកិច្ច ចាត់ការតាមច្បាប់។ ចំណែកជនសង្ស័យ០២នាក់ទៀត ឈ្មោះ ភ័ស្ស និងឈ្មោះ ណាក់ រត់គេចខ្លួនបាត់។      

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាន ប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីធ្វើការ សាកសួរ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕


 

adverise with khmeread