ស្រណុកខ្លាំងពេក នាងដាក់ពាក្យលែងលះប្តី បន្ទាប់ពីការបាន ២ សប្តាហ៍

ស្ដ្រីអេហ្ស៊ីបទើបនឹងរៀបការថ្មីថ្មោងវ័យ ២៨ ឆ្នាំម្នាក់ កំពុងស្វែងរកការលះលែងប្ដី បន្ទាប់ពីរៀបការបាន ២ សប្ដាហ៍ ដោយសារប្ដីរបស់នាងចេះធ្វើការងារស្ដ្រីមេផ្ទះសព្វគ្រប់ពេក។ ប្ដីរបស់នាងអាយុ ៣១ ឆ្នាំ បើកហាងបោកគួកដ៏ជោគជ័យមួយកន្លែង ជាកន្លែងដែលមានបុគ្គលិកច្រើននាក់ ហើយសល់ពេលសម្រាប់គាត់នៅផ្ទះច្រើន។ នាងប្រពន្ធ Samar បានអះអាងថា ប្ដីរបស់នាងចំណាយពេលទាំងអស់របស់គាត់លាងសម្អាត និងរៀបចំគ្រឿងសង្ហារឹម ហើយនាងគ្មានអ្វីធ្វើសម្រាប់ប្ដីរបស់នាងទេ។

នាងក៏បានអះអាងថា ប្ដីរបស់នាង Mohammad S គឺធ្វើដូចជាស្ដ្រីមេផ្ទះអ៊ីចឹង ហើយនាងចាប់ផ្ដើមធុញនឹងប្ដីរបស់នាង។ គាត់មិនត្រឹមតែដណ្ដើមការងារផ្ទះរបស់នាងទេ ថែមទាំងបដិសេធមិនឱ្យនាងធ្វើអ្វីទាំងអស់ទៀតផង។ នាងបានទៅប្រឈមមុខនឹងគាត់ ប៉ុន្ដែគាត់និយាយថា ប្រសិនបើនាងចង់រស់នៅក្នុងផ្ទះនេះ ត្រូវធ្វើតាមច្បាប់របស់គាត់។

Samar បានប្រាប់ទៅវេបសាយ Masrawy ថា "យើងទើបតែរៀបការជាមួយនឹងគ្នាបាន ២ សប្ដាហ៍ប៉ុណ្ណោះ ហើយខ្ញុំស្គាល់គាត់រយៈពេល ២ ឆ្នាំមកហើយ ប៉ុន្ដែខ្ញុំស្អប់ការរស់នៅជាមួយនឹងគាត់ណាស់ ហើយខ្ញុំមិនអាចបន្តទង្វើរបស់គាត់ទៀតបានទេ"។

Samar បានបកស្រាយអំពីមូលហេតុលែងលះរបស់នាងថា "ប្ដីរបស់ខ្ញុំគឺស្ដ្រីមេផ្ទះ។ គាត់មិនអនុញ្ញាតឱ្យខ្ញុំប៉ះពាល់អ្វីទាំងអស់ក្នុងផ្ទះនេះ សូម្បីតែចម្អិនអាហារ បោសសម្អាត និងការងារផ្ទះកំប៉ិកកំប៉ុក។ គាត់មានជំនួញផ្ទាល់ខ្លួន គាត់ជួលមនុស្សឱ្យគ្រប់គ្រងវា ក្នុងគោលបំណងដើម្បីនៅផ្ទះ ខណៈដែលខ្ញុំបានត្រឹមអង្គុយនិងមើលគាត់ធ្វើការងារផ្ទះ"។

នៅពេល Samar ប្រាប់ដំណឹងនេះទៅម្ដាយក្មេក គាត់ភ្ញាក់ផ្អើលជាខ្លាំង ដោយនិយាយថា Mohammad មិនដែលធ្វើបែបនេះពីមុនមកទេ កាលគាត់រស់នៅជាមួយនឹងឪពុកម្ដាយ។

បច្ចុប្បន្ន Samar បានដាក់ពាក្យលែងលះទៅតុលាការ Family Court ក្នុងទីក្រុង New Cairo ដោយនិយាយថា "ប្ដីរបស់ខ្ញុំមិនផ្ដល់សេរីភាពការងារផ្ទះដល់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាដូចជាភ្ញៀវក្នុងសណ្ឋារគារ"។ ករណីនេះផងដែរ ស្ថិតក្រោមការរង់ចាំ មុនពេលតុលាការចេញសេចក្ដីសម្រេច៕

adverise with khmeread