ប្តីប្រពន្ធមួយគូទិញផ្ទះទ្រុឌទ្រោមក្នុងតម្លៃត្រឹម ១ ផោន...មួយឆ្នាំក្រោយមក មើលទៅខាងក្នុងញាក់សាច់!

ប្តីប្រពន្ធមួយគូដែលបានទិញផ្ទះទ្រុឌទ្រោមមួយខ្នងពីក្រុមប្រឹក្សាក្រុងមួយ ក្នុងតម្លៃត្រឹម ១ផោន បានបង្ហាញពីការប្រែមុខមាត់ដ៏អស្ចារ្យរបស់វា បន្ទាប់ពីបានធ្វើជាម្ចាស់ផ្ទះមួយនេះក្នុងរយៈពេលមួយឆ្នាំមកនេះ។

ផ្ទះស្ថិតក្នុងទីក្រុង Wavertree តំបន់ជនបទ Merseyside ប្រទេសអង់គ្លេសរបស់លោក Sam និងអ្នកស្រី Rachael Kamau មួយនេះ បានស្ថិតក្នុងស្ថានភាពដ៏យ៉ាប់យ៉ឺនបំផុត ដែលពួកគេសឹងតែមិនអាចសម្លឹងមើលទៅខាងក្នុង ដោយសារតែវាមើលទៅពិតជា "គ្រោះថ្នាក់" ប៉ុន្តែពួកគេត្រូវបានទាក់ទាញដោយសារតែទីធ្លារបស់វា។

គ្រួសារមួយនេះបានចែកចាយនូវរូបភាពដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើនសន្លឹក ដើម្បីបង្ហាញពីអ្វីដែលផ្ទះបាក់បែកមួយខ្នងនេះបានឆ្លងកាត់កាលពីឆ្នាំមុន។

ផ្ទះរបស់លោក Sam និងអ្នកស្រី Rachael ត្រូវបានគេឃើញមាន "ប្រព័ន្ធទឹកហាក់ដូចជាទឹកជ្រោះហូរធ្លាក់កាត់ជណ្តើរ" និង "បន្ទប់ទឹកឥតមានកម្រាល" ពេលដែលវាត្រូវបានផ្តល់ជាម្ចាស់កម្មសិទ្ធិទៅដល់ពួកគេដោយក្រុមប្រឹក្សាក្រុង ដែលជាផ្នែកមួយនៃគម្រោងឈ្មោះ Homes for a Pound Plus ។

យោងតាមសេចក្តីរាយការណ៍របស់វេបសាយ Mirror បានឱ្យដឹងថា ពួកគេបានជួលផ្ទះក្នុងទីក្រុង Liverpool អស់រយៈពេល ១៦ឆ្នាំកន្លងមកហើយ បន្ទាប់ពីបានផ្លាស់រស់នៅក្នុងទីក្រុងមួយនេះពីប្រទេសកេនយ៉ា ហើយបានសម្រេចចិត្តចំណាយប្រាក់ ១ផោនដើម្បីមានសិទ្ធិកាន់កាប់ផ្ទះដំបូងរបស់ពួកគេមួយនេះ។

ប្តីប្រពន្ធទាំងពីរបានបញ្ជាក់ថា ពួកគេបានចំណាយប្រាក់រាប់សិបពាន់ផោនដើម្បីស្តារនូវផ្ទះមួយនេះឡើងវិញ ដែលពួកគេអាចរស់នៅបានងាយស្រួលជាងមុនជាមួយនឹងកូនស្រីទាំងពីរ Alexis វ័យ ១២ឆ្នាំ និង Anne វ័យ ១៩ឆ្នាំរបស់ពួកគេ៕


adverise with khmeread