ឃាត់ខ្លួនជនសង្ស័យម្នាក់ខណៈកំពុងលក់ថ្នាំញៀន

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវប៉ូលិសឃាត់ខ្លួនក្នុងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង៤ល្ងាច នៅចំណុចភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ  ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ វេង វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ​​ ជនជាតិខ្មែរ ​មានទីលំនៅភូមិកំពង់កុង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖ -ម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន ០២ កញ្ចប់តូច-ទូរស័ព្ទចល័តចំនួន ០១គ្រឿង -ប្រាក់រៀលចំនួន ៣០,០០០៛ -ម៉ូតូ ០១គ្រឿង ម៉ាកHonda Icon ពណ៌ស -ទឹកក្រូច ពាក់ស្លាកលេខ​ ភ្នំពេញ 1AT-5089។

ប៉ូលិសបន្តថា ដំបូងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលកំពង់កុង បានចេញចល័តល្បាតនៅក្នុងភូមិសាស្ត្រខ្លួនគ្រប់គ្រង ដើម្បីការពារ សន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។ លុះនៅវេលាកើតហេតុខាងលើ ក៏បានទទួលព័ត៌មានពីមហាជនល្អថាមានមុខសញ្ញាសង្ស័យកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀននៅចំណុចភូមិល្វាទោង ឃុំកំពង់កុង។ 

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ សហការជាមួយ សមត្ថកិច្ចប៉ុស្ដិ៍កំពង់កុង ចុះស្រាវជ្រាវដល់ចំណុចកើតហេតុខាងលើ ក៏បានជួបមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ វេង វុទ្ធី ភេទប្រុស អាយុ ៣២ឆ្នាំ កំពុងតែជិះម៉ូតូ ធ្វើសកម្មភាពចែកចាយថ្នាំញៀន។ ពេលនោះប៉ូលិសបានឃាត់ឱ្យឈប់ រួចត្រួតពិនិត្យរកឃើញថ្នាំញៀន (ម៉ាទឹកកក) ចំនួន ០២ កញ្ចប់តូច នៅជាប់ខ្លួនជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យទ វេង វុទ្ធី រួមនិងវត្ថុតាងដូចបានចាប់យកខាងលើ ត្រូវបាន បញ្ជូនមកកាន់អធិការដ្ឋានស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread