ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយសារតែរូបគាត់ស្រវឹងស្រាហើយបានយកដំបងវាយទៅលើយុវជនម្នាក់ឲ្យរបួស ហើយត្រូវយុវជនម្នាក់ទៀតយកដាវកែច្នៃមួយដើមចាក់ចំនួនពីរដាវចំឆ្អឹងជំនីនិងថ្ពាល់ខាងស្ដាំបណ្ដាលឲ្យហូរឈាមស្រោចជោកខ្លួន ហើយជនបង្កបានព្យាយាមរត់គេចខ្លួនតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានបីនាក់ជាបន្តបន្ទាប់យកទៅសួរនាំ។
អំពើហិង្សានេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពល់រដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ដល់កន្លែងកើតហេតុនៅវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី១៦ កុម្ភ: ឆ្នាំ២០១៦ នៅចំណុចផ្លូវរថភ្លើង តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ត្រា។ ចំណែកជនបង្កមានគ្នាបីនាក់ទី១-ឈ្មោះ ចាន់ ថុន ភេទ្យប្រុស អាយុ២៥ឆ្នាំ មុខរបរជាកម្មករលីសែង,ទី២-ឈ្មោះ ចាន់ ធីម ភេទ្យប្រុសអាយុ១៧ឆ្នាំ និង ទី៣-ឈ្មោះ ចាន់ ធួន ភេទប្រុសអាយុ១៥ ឆ្នាំ(ជនដៃដល់)អ្នកទាំងបីជាបងប្អូនបង្កើតនឹងគ្នា និងមានទីលំនៅជិតកន្លែងកើតហេតុ។
បើតាមការរៀបរាប់របស់ឈ្មោះ ចាន់ ធីម បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានរូបគេបានដើរពីរនាក់មិត្តភ័ក្រ ហើយក៏បានជួបឈ្មោះត្រាមានសភាពស្រវឹងស្រាផងដែរ។
ចាន់ ធីម បន្តថាពេលដែលជួបគ្នាឈ្មោះត្រាបានយកដំបងវាយមកលើខ្លួនចំនួនបីដំបង ។ពេលវាយរួចហើយដំណឹងនេះក៏ដឹងដល់បងប្អូនពីរនាក់ទៀតនៅឯផ្ទះក៏នាំគ្នាយកដាវកែច្នៃមួយដើមយកមកវាយនិងចាក់ទៅលើឈ្មោះត្រាដោយឈ្មោះ ចាន់ ធួន ជាអ្នកចាក់ចំនួនពីរដាវចំឆ្អឹងជំនីខាងស្ដាំមួយដាវនិងចំថ្ពាល់ខាងឆ្វេងមួយដាវបណ្ដាលឲ្យរងរបួសធ្ងន់ហូរឈមស្រោចជោកខ្លួន។
ក្រោយពីកើតហេតុជនដៃដល់ទាំងពីរនាក់បានរត់ទៅសំងំក្នុងផ្ទះនិងម្នាក់ទៀតរត់ទៅលាក់ខ្លួននៅផ្ទះម្ដាយមីងដែលនៅជិតកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះត្រូវបានអ្នកជិតខាងដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមជ្ឈមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៦ តែពេលទៅដល់មន្ទីរពេទ្យបានដាច់ខ្យល់ស្លាប់។
ក្រោយពីទទួលបានដំណឹងភ្លាមកម្លាំងសមត្ថកិច្ចមូលដ្ឋានដឹកនាំដោយលោក ទៀង ចាន់សា អធិការខណ្ឌឬស្សីកែវ បានចុះដល់កន្លែងកើតហេតុនិងធ្វើការឃាត់ខ្លួនជនដៃដល់ទាំងបីនាក់ជាបន្តបន្ទាប់យកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលគីឡូម៉ែត្រលេខ៦ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។
ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
