ចាប់ខ្លួនឧកញ៉ា ជួប ច័ន្ទ លើកទី២តាមដីការតុលាការរឿងប្រាក់ជាង ៣ លានដុល្លារ

ភ្នំពេញ ៖ ប៉ូលិសព្រហ្មទណ្ឌរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៧ បានចាប់ខ្លួនលោកឧកញ៉ា ជួប ច័ន្ទ ម្ដងទៀតតាមដីកា បង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមសាលាដំបូងពាក់ព័ន្ធ ករណីលុយកាក់ដល់ទៅជាង៣លានដុល្លារអាមេរិក។

កាលពីល្ងាចថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១៧ កន្លងទៅ អយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចដោះលែងអោយឧកញ៉ា ជួប ច័ន្ទ មានសេរីភាព ត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីលោកព្រះរាជអាជ្ញាយល់ឃើញថា សែកមួយសន្លឹកតម្លៃ១លានដុល្លារដែលភាគី ដើមបណ្ដឹងបានទទួលពុំមានសុពលភាពទៀតទេ ព្រោះត្រូវបានលុបជាស្វ័យប្រវត្តិដោយដីការក្សាការពារមួយរួចទៅហើយ។

រឿងក្ដីនេះលោក ស៊ិន វិរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានសាកសួរលោកឧកញ៉ា ជួប ច័ន្ទ តាំងពីល្ងាចថ្ងៃទី១៣ កញ្ញា មកម្ល៉េះ ក្រោយពីប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនពាក់ពន្ធការចេញមូលប្បទានប័ត្រអត់សាច់ប្រាក់មួយលានដុល្លារអាមេរិកឱ្យយទៅដៃគូរកស៊ីជាមួយខ្លួន។

តាមប្រភពព័ត៌មានដំបូងបានឱ្យដឹងថា លោកឧកញ៉ា ជួប ច័ន្ទ ត្រូវបានរងនូវពាក្យបណ្តឹងរបស់លោក លីវ វុទ្ធី តំណាងឱ្យក្រុមហ៊ុន គឹម កៅ ដែលជាកូនប្រុសលោក ឧកញ៉ា គឹម ហាប់ ថាបានចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ចំនួន១លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៥។

ប្រភពបន្តថា ឧកញ៉ា ជួប ច័ន្ទ ជាប់ពាក់ព័យន្ធលុយកាក់រកស៊ីជាមួយគ្នា នឹងក្រុម ហ៊ុនលោកឧកញ៉ា គឹម កៅ លើទឹកប្រាក់ប្រមាណ៣លាន៥សែនដុល្លារអាមេរិក ប៉ុន្តែក្រោយមកនេះ លោកឧញ៉ា គឹម កៅ បានទារប្រាក់បំណុលនោះវិញ។ ប៉ុន្តែភាគី ទាំង២បានធ្វើកិច្ចព្រមព្រៀងមួយនៅចំពោះមុខមេធាវីទាំងសងខាងបញ្ជាក់អំពីសុពលភាពនៃទឹកប្រាក់ដែលរកស៊ីជាមួយគ្នា ទើបលោកឧកញ៉ា ជួប ច័ន្ទ ចេញសែកឱ្យទៅឧកញ៉ា គឹម កៅ ដែលមានទឹកប្រាក់១លានដុល្លារ។

លើកទី១ ដោយបានកំណត់ឱ្យម្ចាស់បំណុលទៅបើកពីធនាគារនៅថ្ងៃទី៣០ ខែកក្កដា ២១០៧ ប៉ុន្តែកិច្ចព្រមព្រៀងបានបញ្ជាក់ថាសែកនោះពុំមានលុយទេ។ លុះពេលភាគីឧកញ៉ា គឹម កៅ យកសែកទៅបើកលុយ ស្រាប់តែធនាគារបញ្ជាក់ដូចគ្នាថាមូលប្បទានប័ត្រននេះគ្មានសាច់ប្រាក់ទេ ទើបភាគីលោក លីវ វុទ្ធី តំណាងឲ្យលោកឧកញ៉ា គឹម កៅ ប្ដឹងលោកឧកញ៉ា ជួប ច័ន្ទ តែម្ដង។

រឿងក្ដីនេះក្រោយពីលោកព្រះរាជអាជ្ញាសាកសួរជនសង្ស័យ ជួប ច័ន្ទ និងពិនិត្យលើពាក្យបណ្ដឹងរួមទាំងឯកសារពាក់ព័ន្ធនានាទើបរកឃើញថា សែកនោះគ្មានសុពលភាពទេដោយសារវាត្រូវបានលុប ដោយដីការក្សាការពារមួយដែលគូភាគីបានឯកភាពគ្នារួចទៅហើយ។ ដូច្នេះទើបលោកព្រះរាជអាជ្ញាសម្រេចដោះលែងលោកឧកញ៉ាជួប ច័ន្ទ ឱ្យមានសេរីភាពវិញ តែពេលនេះក៏ត្រូវបានចាប់ខ្លួនជាថ្មីទៀត៕

adverise with khmeread