កុំចេះតែហ៊ាន! និស្សិតវៀតណាម Hack គណនីសាស្ត្រាចារ្យដើម្បីកែពិន្ទុពីទាបមកខ្ពស់កប់ពពក ត្រូវតុលាការកាត់ទោសជាប់គុកនៅសិង្ហបុរី

និស្សិត​វៀតណាម​ម្នាក់​ក្នុងប្រទេស​សិង្ហបូរី​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក ១៦ សប្តាហ៍ បន្ទាប់ពី​ការស៊ើបអង្កេត​បាន​រក​ឃើញថា គាត់​បាន​លួច​ហ៊ែ​ក (Hack) ចូលក្នុង​គណនី​សាស្ត្រាចារ្យ​របស់គាត់ ហើយ​បាន​កែ​ពិន្ទុ​របស់គាត់​។​

​តុលាការ​មួយ​នៅ​សិង្ហ​បុរី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា លោក ត្រឹ​ន យ៉ា​ហុង (Tran Gia Hung) អាយុ ២២ ឆ្នាំ ជា​និស្សិត​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ឆ្នាំ​ទី​១​នៅ​សាកលវិទ្យាល័យ​គ្រប់គ្រង​សិង្ហ​បុរី (SMU) បាន​កែ​ពិន្ទុ​របស់គាត់​សម្រាប់​ការប្រឡង​ផ្តាច់ព្រ័ត្រ​ពី​និទ្ទេស D+ មក​និទ្ទេស B និង “​ពិន្ទុ​កែស​ម្រេច​ចុងក្រោយ​” របស់គាត់​ពី​និទ្ទេស B ទៅ​និទ្ទេស A- មុនពេល​ទម្លាក់​ពិន្ទុ​និស្សិត​រួម​ថ្នាក់​របស់គាត់​។ នេះ​បើតាម​ប្រភពព័ត៌មាន Straits Times រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៩​វិច្ឆិកា​។​

​យោងតាម​របាយការណ៍ ហុង​គឺជា​អ្នកទទួលបាន​អាហារូបករណ៍​អាស៊ាន​នៅ​សាកលវិទ្យាល័យ SMU ហើយ​ឧបទ្ទវ​ហេតុនេះ​ត្រូវបាន​រកឃើញ​កាលពី​ឆ្នាំមុន​។​

​ក្រុម​អ្នកស៊ើប​អង្កេត​និយាយថា ហុង​បានទទួល​លេខ​កូដ​សម្ងាត់​របស់​សាស្ត្រាចារ្យ​គាត់ ដោយ​អង្គុយ​នៅ​ជិត​គាត់​ក្នុង​ថ្នាក់ និង​លបមើល​គាត់​វាយ​ពាក្យ​សម្ងាត់​មុនពេល​រាវរក​មើល​វា​តាមរយៈ​ការសាកល្បង​ចុច​ចូល​ជាច្រើនលើក​។​

​កាលពី​ខែមេសា​ឆ្នាំមុន សាស្ត្រាចារ្យ​រូបនោះ​បាន​បង្ហោះ​ពិន្ទុ​និស្សិត​របស់គាត់​សម្រាប់​មុខវិជ្ជា “​បច្ចេកវិជ្ជា និង​ការផ្លាស់ប្តូរ​ពិភពលោក​” និង មុខវិជ្ជា “​រដ្ឋាភិបាល​និង​សង្គម​អាជីវកម្ម​” ចូលទៅក្នុង​ប្រព័ន្ធ​របស់​សាលា និង​ត្រៀម​ចេញ​លទ្ធផល នៅពេល​លោក​សាស្ត្រាចារ្យ​កត់សម្គាល់ឃើញ​ពី​ភាពខុសប្រក្រតី​។​

​គាត់​បាន​រាយការណ៍​ពី​ករណីនេះ​ទៅ​សាកលវិទ្យាល័យ ហើយ​ពិន្ទុ​ត្រូវបាន​រក្សាទុក​សិន​។ បន្ទាប់ពី​ការស៊ើបអង្កេត​ផ្ទៃក្នុង សាលា​បាន​ផ្សាភ្ជាប់​ការកែ​ពិន្ទុ​នេះ​ទៅ​និស្សិត​ហុង ប៉ុន្តែ​និស្សិត​វៀតណាម​នេះ​បាន​បដិសេធថា​មិនបាន​ប្រព្រឹត្ត​បទល្មើស​នេះ​ទេ ដោយ​អះអាងថា គាត់​ត្រូវបាន​លាប​ពណ៌​ចោទប្រកាន់​ដោយ​មិត្ត​រួម​បន្ទប់​របស់គាត់​។ នេះ​បើ​យោងតាម Straits Times ។​

​នៅ​ថ្ងៃទី ២៩ ខែមេសា ពោលគឺ​បួន​ថ្ងៃ​បន្ទាប់ពី​ឧបទ្ទវ​ហេតុនេះ និស្សិត​ហុង​បាន​សម្អាត​កុំព្យូទ័រ​យួរដៃ​របស់គាត់​នៅ​ហាង IT មួយ ក្នុង​ផ្សារ​ទំនើប​មួយ​ក្នុងប្រទេស​សិង្ហ​បុរី​។​

​សាកលវិទ្យាល័យ​បានស្នើ​សុំឱ្យ​ប៉ូលិស​ជួយ​កាលពី​ខែឧសភា​ឆ្នាំមុន ហើយ​ការស៊ើបអង្កេត​របស់​ពួកគេ​បាន​បង្ហាញថា​មានការ​ចុច​ចូល​ដោយ​គ្មាន​ការអនុញ្ញាត​ចំនួន​៧​ដង​ទៅក្នុង​គណនី​សាស្ត្រាចារ្យ​នៅលើ​ប្រព័ន្ធ​របស់​សាលា​អំឡុង​ខែមីនា​។​

​ការស៊ើបអង្កេត​ក៏បាន​រកឃើញ​ផងដែរ​ថា ហុង​ក៏បាន​ចុច​ចូល​គណនី​សាស្ត្រាចារ្យ​ពីក្នុងផ្ទះ​របស់គាត់​កាលពី​ថ្ងៃទី ២៥ ខែមេសា​ផងដែរ គឺ​នៅ​កាលបរិច្ឆេទ​ដូចគ្នា​ដែល​ពិន្ទុ​ត្រូវបាន​កែ​។​

​និស្សិត​ហុង​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែសីហា​ឆ្នាំមុន ប៉ុន្តែ​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ការចោទប្រកាន់​នេះ​។​

​ទោះយ៉ាងណា មេធាវី​របស់គាត់​បាន​និយាយថា​កូនក្តី​របស់គាត់​បាន​ប្រព្រឹត្ត​បទល្មើស​នេះ ដោយសារតែ​គាត់​ត្រូវបាន​ព្រមាន​ថា គាត់​នឹង​បាត់បង់​អាហារូបករណ៍​របស់គាត់ ប្រសិនបើ​ពិន្ទុ​របស់គាត់​មិនបាន​ប្រសើរឡើង​នោះ​។​

​អាហារូបករណ៍​អាស៊ាន​គឺជា​កម្មវិធី​ប្រចាំឆ្នាំ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​សិង្ហបូរី​សម្រាប់​និស្សិត​មកពី​ប្រទេស​ដទៃទៀត​នៃ​ប្លុក​អាស៊ាន​៕

adverise with khmeread