ការសិក្សាមួយរកឃើញគម្លាតអ្នកមាននិងអ្នកក្រដ៏មហាធំធេញនៅអាមេរិក ដោយប្រជាជនកន្លះប្រទេសមានលុយមិនស្មើមហាសេដ្ឋី ៣ នាក់ផង

ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា បុរស​មានទ្រព្យ​ស្តុកស្តម្ភ​បំផុត ៣ នាក់​នៅ​សហរដ្ឋអាមេរិក គឺ​លោក Bill Gates លោក Jeff Bezos និង លោក Warren Buffett មានទ្រព្យ​សម្បត្តិ​សរុប​លើស​ប្រាក់​សន្សំ​របស់​ប្រជាជន​អាមេរិក ១៦០ លាន​នាក់​ទៅទៀត​។​ នេះបើតាមប្រភពរបស់វេបសាយ RT របស់រុស្ស៊ី។

​មហាសេដ្ឋី​៣​នាក់​នេះ​មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន ២៤៨,៥ ពាន់​លាន​ដុល្លារ ដែល​លើសពី​ទ្រព្យសម្បត្តិ​សុទ្ធ​រួមបញ្ចូល​គ្នា​នៃ​ជនជាតិ​អាមេរិក​ប្រហែល ១៦០ លាន​នាក់ ឬ ៥៣ លាន​គ្រួសារ​។ ការសិក្សា ដែលមាន​ចំណងជើង​ថា “​មហាសេដ្ឋី​បូ​ណា​ហ្សា ២០១៧” (Billionaire Bonanza 2017) ត្រូវបាន​ចងក្រង​ដោយ​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​។​

​លោក Josh Hoxie សហ​អ្នកនិពន្ធ​របាយ​ការ​ណ៏​សិក្សា​នេះ​បាន​និយាយថា “​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់​នៅក្នុង​ដៃ​មនុស្ស​តែ​ប៉ុន្មាន​នាក់ ខណៈ​មនុស្ស​ជាច្រើន​នាក់​កំពុង​ជួប​ការលំបាក គឺ​មិន​គ្រាន់តែ​ជា​បញ្ហា​សេដ្ឋកិច្ច​ដ៏​អន់​នោះទេ តែ​ក៏​ជា​វិបត្តិ​សីលធម៌​ផងដែរ​”​។​

​សេដ្ឋី​ចំនួន ៤០០ នាក់​នៅ​សហរដ្ឋអាមេរិក​មានទ្រព្យ​សម្បត្តិ​សរុប​ចំនួន ២,៦៨ លាន​លាន​ដុល្លារ ដែល​ច្រើនជាង​ផលិតផល​សរុប​ក្នុងស្រុក​របស់​ចក្រភព​អង់គ្លេស បារាំង ឬ​ឥណ្ឌា​ទៅទៀត​។​

​របាយការណ៍​បានឱ្យដឹង​ទៀតថា “​សេដ្ឋី ៤០០ នាក់​បច្ចុប្បន្ន​មានទ្រព្យ​សម្បត្តិ​ច្រើនជាង​ប្រជាជន​អាមេរិក​ចំនួន ៦៤ ភាគរយ ពោលគឺ ៨០ លាន​គ្រួសារ ឬ ២០៤ លាន​នាក់​។ ចំនួន​ប្រជា​ជននេះ​គឺ​ច្រើនជាង​ចំនួន​ប្រជាជន​នៅ​ប្រទេស​កាណាដា និង​ម៉ិ​ក​ស៊ិ​ក​រួមបញ្ចូល​គ្នា​ទៅទៀត​”​។​

​យោងតាម​របាយការណ៍ ការកាត់បន្ថយ​ពន្ធ​ដែល​ស្នើឡើង​ដោយ​លោក​ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ​ទំនងជា​នឹង​ពង្រីក​គម្លាត​អ្នកមាន​និង​អ្នកក្រ​កាន់តែ​ធំ​ជាង​មុន ខណៈ​ការបន្ធូរបន្ថយ​ពន្ធ ៨០ ភាគរយ​នឹង​ផ្តល់​ប្រយោជន៍​ដល់​គ្រួសារ​មហាសេដ្ឋី ដែលមាន​គ្នា​តែ ១ ភាគរយ​នៃ​ប្រជាជន​អាមេរិក​សរុប​។​

​លោក Chuck Collins សហ​និពន្ធ​និយាយថា “​វិសមភាព​ទ្រព្យសម្បត្តិ​កំពុងតែ​កើនឡើង​ខ្លាំង​។ ឥឡូវនេះ​ជា​ពេលវេលា​សម្រាប់​សកម្មភាព ដើម្បី​កាត់បន្ថយ​វិសមភាព មិនមែន​កាត់​បន្ថយពន្ធ​សម្រាប់​អ្នកមាន​នោះទេ​”​។​

​ការសិក្សា​នេះ​បានលើកឡើង​ពី​វិធី​២​យ៉ាង​ក្នុងការ​កាត់បន្ថយ​គម្លាត​ទ្រព្យសម្បត្តិ​។​

“​ដំបូង​យើង​មិនត្រូវ​ធ្វើឱ្យ​វិសមភាព​កាន់តែ​អាក្រក់​ឡើង​តាមរយៈ​ការកាត់បន្ថយ​ពន្ធ​ថ្មី​សម្រាប់​អ្នកមាន​នោះទេ​។ ការកាត់បន្ថយ​ពន្ធ​ដែល​ស្នើឡើង​ដោយ​ត្រាំ​នាពេល​បច្ចុប្បន្ននេះ​នឹង​បង្កើន​ទ្រព្យ​ដល់​មនុស្ស​មួយ​ភាគរយ និង​មិន​បានធ្វើ​អ្វី​ទេ​ដើម្បី​កាត់បន្ថយ​គម្លាត​អ្នកមាន​និង​អ្នកក្រ​អាមេរិក​”​។​

​របាយការណ៍​នេះ​លើកឡើងថា វិធី​ទី​២​គឺ​អនុវត្ត​គោលនយោបាយ​នានា​ដើម្បី​កាត់បន្ថយ​ទ្រព្យសម្បត្តិ​ប្រមូលផ្តុំ​។​

“​វិសមភាព​នឹង​បន្ត​រីក​ធំ បើ​យើង​មិន​ធ្វើ​អន្តរាគមន៍​ដោយផ្ទាល់​ដើម្បី​កាត់បន្ថយ​ការប្រមូលផ្តុំ​ទ្រព្យសម្បត្តិ​ឯកជន​។ តាមរយៈ​ការយកពន្ធ​លើ​គ្រួសារ​អ្នកមាន​ស្តុកស្តម្ភ​បំផុត យើង​អាច​បង្កើន​ប្រាក់ចំណូល​បាន​យ៉ាងច្រើន​ហើយ​បន្ទាប់មក​បណ្តាក់ទុន​ទាំងនោះ​ដើម្បី​ពង្រីក​ឱកាស​កសាង​ទ្រព្យសម្បត្តិ​នៅ​ទូទាំង​សេដ្ឋកិច្ច​អាមេរិក​”៕ ប្រភព៖បរទេស

adverise with khmeread