ចាប់ខ្លួនជនសង្ស័យ ៣ នាក់ជាបន្តបន្ទាប់លក់និងប្រើថ្នាំញៀន

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍វាលស្បូវ និងខណ្ឌច្បារអំពៅបានឃាត់ខ្លួនជនសង្ស័យ ៣ នាក់ នៅមុខដីឡូត៍គ្មានលេខ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១១ វិច្ឆិកា​ ២០១៧។

ប៉ូលិសនិយាយថា ដំបូងប៉ូលិសឃាត់ជនសង្ស័យ២នាក់គឺ១.ឈ្មោះ លី សុវណ្ណ ហៅប្រុស ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន និង២-ជនសង្ស័យឈ្មោះ សាំង រិទ្ធិបុត្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន។ ទាំង០២នាក់ ស្នាក់នៅភូមិព្រែកជាងព្រំ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ។ ដកហូតវត្ថុតាង ៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច និងម៉ូតូ០១គ្រឿង ម៉ាកហុងដាគុបជ្រុងសេ៥០ ពណ៌ទឹកប៊ិក គ្មានស្លាកលេខ លេខតួ ០៦៥២០៣៣ លេខម៉ាស៊ីន ០៦២៥៨៨៤។

ប៉ូលិសបន្តថា រហូតដល់ម៉ោង៨យប់ថ្ងៃដដែល ដោយមានការអនុញ្ញាតពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ សមត្ថកិច្ចនគរបាលប៉ុស្តិ៍វាលស្បូវ សហការជាមួយប៉ូលិសខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ ថន វិឆៃ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ពីបទជួញដូរដោយខុសច្បាប់នូវសារធាត់ញៀន  (ជាអ្នកលក់គ្រឿងញៀនឱ្យឈ្មោះ លី សុវណ្ណ និងឈ្មោះ សាំង រិទ្ធិបុត្រ)។

ប៉ូលិសបានឃាត់ខ្លួននៅខ្ទមចាស់ ភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ត្រួតពិនិត្យក្នុងខ្ទមជនសង្ស័យ រកឃើញក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ចំនួន២៣កញ្ចប់ (០១កញ្ចប់ថង់ធំល្មម, ២២កញ្ចប់ថង់តូច)។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាង ឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន ប៉ូលិសខណ្ឌច្បារអពៅ៕

adverise with khmeread