អាជ្ញាធរនឹងធ្វើស្លាកលេខជូនម៉ូតូកង់ ៣ នៅស្នងការដ្ឋានប៉ូលិសចាប់ពីថ្ងៃនេះ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ អាជ្ញាធរមានសមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូកង់បី (ផលិតនៅប្រទេសឥណ្ឌា) ប្រមាណជា ១៧០ គ្រឿង ដែលកំពុងប្រកបអាជីវកម្មរត់ឈ្នួលនៅរាជធានីភ្នំពេញ ដោយពុំបានចុះបញ្ជី និងពុំមានស្លាកលេខ សម្គាល់ត្រឹមត្រូវ មករក្សាទុកជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ។ 

ក៏ប៉ុន្តែ ដោយមើលឃើញពីការខ្វះខាតជីវភាពរបស់ម្ចាស់ម៉ូតូកង់បីមួយចំនួន ក៏ដូចជាដើម្បីសម្រួលការងារដល់បងប្អូន រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញរៀបចំបំពេញបែបបទចុះបញ្ជី ធ្វើស្លាកលេខជូនម៉ូតូកង់បីទាំងអស់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផ្ទាល់ ដោយពុំមានការផាកពិន័យ ចាប់ពីព្រឹកថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្អែកនេះតែម្តង។ 

អាស្រ័យហេតុនេះ សូមបងប្អូនម្ចាស់ម៉ូតូកង់បីកំពុងរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ត្រៀមឯកសារពាក់ព័ន្ធ និងទៅចុះបញ្ជីធ្វើស្លាកលេខឱ្យបានត្រឹមត្រូវទាំងអស់គ្នា។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញសូមបញ្ជាក់ជូនថា រដ្ឋបាលរាជធានីភ្នំពេញពុំមានចេតនាបង្កការរំខាន ឬធ្វើឱ្យរាំងស្ទះដល់ដំណើរការ ប្រកបអាជីវកម្មប្រចាំថ្ងៃរបស់បងប្អូនម្ចាស់ម៉ូតូកង់បីខាងលើនេះឡើយផ្ទុយទៅវិញ នេះជាការអនុវត្តច្បាប់ ពិសេសច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងនីតិរដ្ឋតែប៉ុណ្ណោះ៕

adverise with khmeread