សមត្ថកិច្ចរបួសម្នាក់ ខណៈដេញចាប់ឃាតករនៅព្រំប្រទល់ខេត្តឧត្តរមានជ័យនិងសៀមរាប

សៀមរាប ៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧  បានធ្វើការចុះអនុវត្តដីកា ចាប់ខ្លួនជនសង្ស័យ ឈ្មោះ ហ៊ាប ធី ភេទ ប្រុស អាយុ៤៥ឆ្នាំ ពាក់ពន្ធ័ករណីឃាតកម្ម នៅខេត្តកណ្តាល ហើយរត់គេចខ្លួនមកក្នុងភូមិសាស្ត្រព្រំប្រទល់ខេត្តឧត្តរមានជ័យ និង ខេត្តសៀមរាប ក្នុងភូមិ អូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង។

សមត្ថកិច្ចបានឱ្យដឹងថា ខណៈពេលសមត្ថកិច្ច កំពុងពទ័្ធចាប់ក៏ត្រូវបានជនសង្ស័យគប់គ្រាប់បែកចំនួន០២គ្រាប់ និងបាញ់រះ មកលើក្រុមសមត្ថកិច្ចអាវុធហត្ថ ដែលមានគ្នាជាង១០នាក់ បណ្តាលឱ្យមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ អ៊ុយ ចយ ជានាយការិយាល័យ ព្រហ្មទណ្ឌនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បង្កឱ្យ រងរបួសស្រាល ត្រង់ជើង។ រីឯជនសង្ស័យក្រោយ បើកការបាញ់រះ និងគប់គ្រាប់បែក មកលើសមត្ថកិច្ចរួច ក៏បានរត់គេចខ្លួនចូលក្នុងព្រៃបាត់។

ភ្លាមៗនោះ លោកស្នងការខេត្តឧត្តមានជ័យ និងខេត្តសៀមរាប ក៏បានបញ្ជាកម្លាំងចេញសហការជួយរុករកជាមួយ កម្លាំងអាវុធហត្ថផងដែរ តែដោយព្រៃក្រាស់ និងស្ថានភាពពេលយប់ងងឹតផងនោះ ជាហេតុធ្វើឱ្យជនល្មើសគេចខ្លួនបាន។

ក្នុងករណីនេះ សមត្ថកិច្ចកំពុងរុករកជនល្មើសនៅព្រឹកថ្ងៃទី១២វិច្ឆិកានេះបន្តទៀត៕


 

adverise with khmeread