អារ៉ាប៊ីសាអូឌីតដាក់យន្តហោះចម្បាំងឱ្យប្រុងជើងការ ខណៈមានការបារម្ភខ្លាំងឡើងថាប្រទេសនេះអាចនឹងធ្វើសង្គ្រាមធំជាមួយលីបង់

កាសែតតំបន់ The Baghdad Post បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ព្រះរាជាណាចក្រតំបន់អារ៉ាប់នេះបានកំពុងកៀរគរកងយន្តហោះចម្បាំងធុន F-15 របស់ខ្លួនដើម្បីចាប់ផ្តើមប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធភេរវករក្នុងប្រទេសលីបង់ គឺក្រុមហេសប៊ូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។

អារ៉ាប៊ីសាអ៊ូឌីតមុននេះបានចោទប្រកាន់ទាំងប្រទេសលីបង់និងអ៊ីរ៉ង់ពីបទធ្វើសង្គ្រាមប្រឆាំងនឹងខ្លួន បន្ទាប់ពីពួកឧទ្ទាមហេសប៊ូឡាបានបាញ់មីស៊ីលចូលព្រលានយន្ដហោះ King Khalid International នៅរាជធានី Riyadh ។

កាលពីសុក្រទី១០វិច្ឆិកា អារ៉ាប៊ីសាអូឌីតបានបញ្ជាឱ្យប្រជាពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសលីបង់ ជាហេតុបង្កើនការភ័យខ្លាចរឹតតែខ្លាំងអំពីការផ្ទុះសង្រ្គាម ដែលសហរដ្ឋអាមេរិកហៅថាជា "សង្គ្រាមបង្កឡើងដោយពួកមហាអំណាចខ្ចីដៃប្រទេសតូច" ។

ពួកហេសប៊ូឡាគឺជាកម្លាំងយោធានិងកម្លាំងនយោបាយដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រទេសលីបង់ និងទទួលបានការគាំទ្រយ៉ាងសំខាន់ពីអ៊ីរ៉ង់។

របាយការណ៍នាពេលថ្មីៗនេះបានបញ្ជាក់ថាកងទ័ពអាកាសអារ៉ាប៊ីសាអូឌីតបានដាក់យន្តហោះចម្បាំងរបស់ខ្លួនឱ្យប្រុងជើងការដើម្បីបើកការវាយប្រហារខណៈដែលតំបន់នេះកំពុងស្ថិតនៅលើមាត់ជ្រោះនៃសង្គ្រាម។

ពួកហេសប៊ូឡាបាននិយាយកាលពីថ្ងៃសុក្រថា អារ៉ាប៊ីសាអូឌីតបានប្រកាសសង្គ្រាមលើលីបង់ បន្ទាប់ពីប្រទេសអារ៉ាប៊ីសាអូឌីតត្រូវបានចោទប្រកាន់ថាបានចាប់ឃាត់ខ្លួននាយករដ្ឋមន្ដ្រីលីបង់ លោក Saad al-Hariri ប្រឆាំងនឹងឆន្ទៈរបស់គាត់។

នាយករដ្ឋមន្ត្រីលីបង់រូបនេះបានលាលែងពីតំណែង ខណៈពេលធ្វើទស្សនកិច្ចនៅទីក្រុង Riyadh កាលពីថ្ងៃសៅរ៍មុន ដែលគេចាត់ទុកថាជា "ការប្រមាថ" លើប្រទេសលីបង់។

ការលាលែងពីតំណែងរបស់លោក Saad al-Hariri បានធ្វើឱ្យប្រទេសលីបង់ធ្លាក់ចូលក្នុងវិបត្តិ ដោយផុងខ្លួនក្លាយជាកន្លែងប្រជែងគ្នារវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់។

តំបន់នេះបានស្ថិតនៅលើមាត់ជ្រោះនៃសង្គ្រាម ខណៈដែលការតស៊ូដើម្បីអំណាចរវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអ៊ូឌីតមើលទៅទំនងនឹងអូសប្រទេសលីបង់ឱ្យធ្លាក់ចូលក្នុងភ្នក់សង្គ្រាមជាមួយអារ៉ាប៊ីសាអូឌីត។

លោក Thamer al-Sabhan រដ្ឋមន្ត្រីកិច្ចការតំបន់ឈូងសមុទ្រពែក្សរបស់អារ៉ាប៊ីសាអ៊ូឌីតបាននិយាយថា រដ្ឋាភិបាលលីបង់នឹងត្រូវដោះស្រាយបញ្ហានេះ "នៅពេលដែលរដ្ឋាភិបាលនេះប្រកាសសង្រ្គាមលើអារ៉ាប៊ីសាអូឌីត "ជុំវិញអំពើដ៏គឃ្លើន" របស់ពួកហេសប៊ូឡា។

អតីតនាយករដ្ឋមន្ត្រីលោក Saad al-Hariri បានបន្ទោសអ៊ីរ៉ង់ចំពោះជម្លោះដែលកំពុងកើនឡើងនេះ ដោយអះអាងថា ពួកហេសប៊ូឡា គឺជា "ដៃរបស់អ៊ីរ៉ង់" នៅក្នុងប្រទេសលីបង់។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បានព្រមានតំបន់កុំឱ្យបង្កសង្រ្គាមនៅមជ្ឈិមបូព៌ានិងបានជំរុញឱ្យអ៊ីរ៉ង់ដកខ្លួនចេញពីការគាំទ្រដល់ក្រុមហេសប៊ូឡា។

លោកបាននិយាយថា "សហរដ្ឋអាមេរិកគាំទ្រស្ថិរភាពនៃប្រទេសលីបង់ ហើយប្រឆាំងនឹងសកម្មភាពណាមួយដែលអាចគំរាមកំហែងដល់ស្ថិរភាពនេះ"។

"សហរដ្ឋអាមេរិកសូមព្រមានប្រឆាំងនឹងភាគីណាមួយនៅក្នុងឬក្រៅប្រទេសលីបង់ ដោយប្រើប្រទេសលីបង់ជាកន្លែងសម្រាប់ជម្លោះប្រដាប់អាវុធឬនៅក្នុងវិធីណាមួយដែលរួមចំណែកដល់អស្ថិរភាពនៅក្នុងប្រទេសនេះ"។

អារ៉ាប៊ីសាអ៊ូឌីតគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ដែលទាំងពីរប្រទេសនេះសុទ្ធតែបានលក់អាវុធរបស់ខ្លួនដូចជាយន្តហោះ F-15 ជាដើមដល់អារ៉ាប៊ីសាអូឌីត៕ ប្រភព៖បរទេស

adverise with khmeread