គួរប្រយ័ត្ន! ក្មេងស្រីម្នាក់ ជិះកន្ទ្រកវិលកម្សាន្ត ត្រូវខ្សែភ្លើងឆក់ស្លាប់

ភ្នំពេញ ៖ ក្មេងស្រីម្នាក់បានរងគ្រោះដោយសារឆក់ខ្សែភ្លើង រហូតបាត់បង់ជីវិត ខណៈក្មេងស្រីរូបនេះ កំពុងតែជិះកន្ត្រក វិលកម្សាន្ត ក៏ស្រាប់តែមានចរន្តភ្លើងឆក់ រួចសម្រេចចិត្តបើកទ្វារលោតចេញមកក្រៅ ប៉ុន្តែនៅតែមិនអាចគេចផុតពីក្តីស្លាប់។ 

ហេតុការណ៍នេះកើតឡើង កាលពីវេលា ម៉ោង៩ និង ៣០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលំក្រុម៦ ក្នុងភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សមត្ថកិច្ចនិយាយថា ក្មេងស្រីដែលស្លាប់នេះឈ្មោះ ចាន់ សុខទេពី អាយុ១៤ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅផ្ទះគ្មានលេខ សិ្ថតតាមផ្លូវលំក្រុម៦ ក្នុងភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ មានម្តាយជាកម្មការិនីរោងចក្រ។ 

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា គេឃើញ ក្មេងស្រីរងគ្រោះ រួមជាមួយក្មេងៗដទៃទៀតមួយក្រុម បានដើរលេងកម្សាន្ត នៅក្នុងដីឡូត៍មួយកន្លែងនៅជិតផ្ទះ ដែល មានគេរៀបចំដាក់កន្ទ្រកវិល សេះវិល និងរបស់កម្សាន្តមួយ ចំនួនទៀតក្នុងដីឡូត៍។ 

សាក្សីបន្តថា ពេលនោះក្មេងស្រីរងគ្រោះ កំពុងជិះ កន្ទ្រក វិល ក៏មានចរន្តភ្លើងឆក់ ទើបក្មេងស្រីប្រឹងស្ទុះស្ទារបើកទ្វារ លោតចេញ ប៉ុន្តែ ក្មេងស្រីរងគ្រោះ នៅតែមិនអាចគេចផុតពីសេចក្តីស្លាប់បាន។

ពេលនោះម្ចាស់កន្ទ្រកវិល ក៏យកកេ្មងរងគ្រោះរូបនោះ ដាក់ នៅក្បែរកន្លែងកើតហេតុ ដែលងងឹត ព្រោះខ្លាចមានអ្នកឃើញ។ ក៏ប៉ុន្តែអ្នក នៅជិត កន្លែងកើតហេតុឃើញ ក៏នាំគ្នាឆោឡោ យកទៅសង្រ្គាះ នៅមណ្ឌលសុខភាពក្រាំងធ្នង់។ ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់ថា កុមារីរងគ្រោះបានបាត់បង់ជីវិត យូរហើយ។

ក្រោយពេលកើតហេតុ សពត្រូវ សមត្ថកិច្ចធ្វើការកោសល្យវិច័យ បានធ្វើឯកសារ ប្រគល់សព ទៅឱ្យសាច់ញាតិធ្វើ បុណ្យតាមប្រពៃណី និងបន្តចាត់ការលើម្ចាស់កន្ត្រក វិលតាមនីតិវិធី៕

adverise with khmeread