ដល់ក! ឪពុកសំណូមពរឱ្យសមត្ថកិច្ច ចាត់ការទៅលើកូនប្រុសតាមផ្លូវច្បាប់

កណ្តាល ៖ មានករណីបុរសម្នាក់ប្រើអំពើហិង្សាក្នុងគ្រួសារធ្វើឱ្យខូចខាតទ្រព្យសម្បត្តិកើតឡើងនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៧ វេលាម៉ោង២រសៀលនៅចំណុចភូមិ​​កំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានប៉ូលិសឃាត់ខ្លួន។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ទុំ ស្រ៊ីវ ភេទប្រុស អាយុ៥៩ឆ្នាំ (ជាឪពុក) ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

ចំណែកជនសង្ស័យ ដែលឃាត់ខ្លួនឈ្មោះ ស្រ៊ីវ ចាន់ស៊ី ភេទប្រុស អាយុ ២៧ ឆ្នាំ (កូន) មានមុខរបរកសិករ នៅភូមិ ឃុំជាមួយគ្នា។ សម្ភារៈវត្ថុតាងកៅអីជ័រចំនួន០២-បែកបាក់ទូរចានចំនួន០១-ចានឆ្នាំងបែកបាក់ខ្ទេចជាច្រើន.កាច់បំផ្លាញទុយោទឹក ប្រើប្រាស់និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

តាមការបំភ្លឺរបស់ជនរងគ្រោះ ជាឪពុក បានរៀបរាប់ថា ជនសង្ស័យជាកូន មកពីផឹកស្រាស្រវឹង និងជាមនុស្សញៀនថ្នាំ បានមកដល់ផ្ទះរករឿងបង្កជម្លោះជាមួយបងប្អូន ហើយវាយបំផ្លាញទ្រព្យសម្បិត្តក្នុងផ្ទះដូចជា កៅអី ចានឆ្នាំង និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះមួយចំនួនទៀត។

សូមបញ្ជាក់ថា ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារចំនួនប្រាំឆ្នាំ ពីបទមនុស្សឃាត រួចក៏ត្រូវបានតុលាការដោះលែង។ នៅពេលចេញមកវិញពុំបានកែប្រែខ្លួនឡើយ តែងតែដើរផឹកស៊ីសេពថ្នាំញៀន បង្កជម្លោះជាមួយអ្នកជិតាខាង និងបងប្អូន ហើយតែងតែវាយបំផ្លាញរបស់របរក្នុងផ្ទះជាញឹកញាប់ មិនព្រមស្ដាប់ការទូន្មានរបស់ឪពុកម្ដាយ បងប្អូនឡើយ។

ដូចនេះជនរងគ្រោះជាឪពុកសំណូមពរឱ្យសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានស្រុក ដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread