សន្តិសុខយាមក្រុមហ៊ុនម្នាក់ត្រូវប៉ូលិសវ៉ៃខ្នោះទិញថ្នាំញៀនមកលក់បន្ត

កណ្តាល ៖ ជនសង្ស័យជាសន្តិសុខយាមក្រុមហ៊ុនម្នាក់ត្រូវបានប៉ូលិសស្រុកអង្គស្នួលឃាត់ខ្លួនក្នុងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២ និង២០នាទី រសៀលនៅចំណុច លើផ្លូវបេតុងស្ថិតនៅ ភូមិព្រៃពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប៉ូលិសសនិយាយថា ជនសង្ស័យឈ្មោះ សុន សុភ័ក្ត្រ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខយាមក្រុមហ៊ុន ទីលំនៅបច្ចុប្បន្ន ភូមិស្រែអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៩កញ្ចប់ ក្នុងនោះ (០៨កញ្ចប់តូច និង០១កញ្ចប់មធ្យម), ទូរស័ព្ទដៃ០១គ្រឿងម៉ាកណូកគា(NOKIA)ស៊ីមពណ៌ខ្មៅចុចពិលនិងកូនកាបូបមួយសម្រាប់ដាក់ថ្នាំញៀន។

ប៉ូលិសបន្តថា ក្រោយពេលទទួលបានព័ត៌មានពីមហាជនល្អថា មានអំពើជួញដូរគ្រឿងញៀននៅចំណុចតាមផ្លូវបេតុង ស្ថិតនៅភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលពើក បានទៅដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួមនឹងវត្ថុតាង ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៩កញ្ចប់។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនបានទៅទិញគ្រឿងញៀនប្រភេទម៉ាទឹកកកពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះតម្លៃ ១០០.០០០៛ (ដប់ម៉ឺនរៀលគត់) នៅផ្តុំចោមចៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញដើម្បីយកមកវេចខ្ចប់ លក់បន្តក្នុង ០១កញ្ចប់តូច តម្លៃ ២០.០០០ ៛ (ពីរម៉ឺនរៀលគត់) ទៅ ៣០.០០០៛ (បីម៉ឺនរៀលគត់) និងបានសារភាព ទៀតថា ខ្លួនធ្លាប់លក់គ្រឿងញៀនរយៈពេលប្រហែលជាងមួយខែមកហើយ។ 

ជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកអង្គស្នួលដើម្បីបន្តអនុវត្តតាម នីតិវិធី៕

adverise with khmeread