adverise with khmeread Untitled 1

យក​កង្ហា​បញ្ឈរ​វាយ​សំពង​ម្តាយ​សន្លប់​ប៉ូលិស​វ៉ៃខ្នោះ​

      ភ្នំពេញ ៖ បុរស​ជា​កូន​អក​ត្ត​ញូ​ម្នាក់​បាន​ប្រើ​ហិង្សា​វាយ​ម្ដាយ​ខ្លួនឯង​ទាល់តែ​សន្លប់ ព្រមទាំង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ផ្សេងៗ នៅក្នុង​ផ្ទះ​ត្រូវ​ប៉ូលិស​ខណ្ឌឫស្សីកែវ​វ៉ៃខ្នោះ​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ ២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​២៥៨១ ផ្លូវជាតិ​លេខ​៥ ក្រុម​៣ ភូមិក សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ។​

     របាយការណ៍​ប៉ូលិស​បាន​បញ្ជាក់ថា ជនល្មើស​ឈ្មោះ ឯក វ៉ាន់ដា អាយុ ៣១​ឆ្នាំ ចំណែក​ម្តាយ​និង​ជា​ជនរងគ្រោះ​ឈ្មោះ ឈឹម សារឿន អាយុ ៦៧​ឆ្នាំ ស្នាក់នៅ​ចំណុចកើតហេតុ ខាងលើ ត្រូវ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​ជាំភ្នែក បែក​ចិញ្ចើម ហូរឈាម​ដេរ​ជិត​១០​ថ្នេរ ។​

    របាយការណ៍​បន្តថា ជនល្មើស​បាន​វាយកម្ទេច​និង​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​នៅក្នុង​ផ្ទះ ព្រមទាំង​ការជេរប្រមាថ​អ្នកផ្ទះ​បានក្លាយ​ទៅជា​ប្រចាំ ហើយ​ចុង​ក្រោយនេះ​បាន​យក​កង្ហា​ម៉ាក​ហា​តា​រិ​ជើងវែង​វាយ​សំពង​ក្បាល​បណ្តាល​ឲ្យ​រយះ​ដេកពេទ្យ​គីឡូម៉ែត្រ​លេខ​៦ ដេរ​អស់​១០​ថ្នេរ ។​

     បច្ចុប្បន្ន​ជនដៃដល់​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌឫស្សីកែវ​ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមច្បាប់​ដោយ​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា ៕​

adverise with khmeread

មតិយោបល់