រថយន្តក្រុមហ៊ុន វីរៈ-ប៊ុនថាំ ដឹកសត្វព្រៃ២០​ជើង​ហើយ​ ទើបសមត្ថកិច្ចចាប់បាន

​បាត់ដំបង ៖ កងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់រថយន្តក្រុមហ៊ុន វីរៈ-ប៊ុនថាំ ២គ្រឿងរកឃើញលួចដឹក និងចរាចរណ៍សត្វព្រៃជាច្រើនប្រភេទ ហើយពួកគាត់ដឹក២០​ជើង​ហើយ​​ នៅវេលា​ម៉ោង​១៣ និង៣០​នាទី អធ្រាត្រថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​នៅ​ចំណុច​ភូមិ​ក្បាល​ខ្មោច  ឃុំ​ជ្រៃ ស្រុក​ថ្មគោល។

​មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ដោយ​ក្នុង​កិច្ចប្រតិបត្តិការ​ជាក់ស្ដែង​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ស្ទាក់​បង្ក្រាប​រថយន្តក្រុង​របស់​ក្រុមហ៊ុន ​វី​រៈ ប៊ុន​ថាំ ​ចំនួន​២​គ្រឿង​ដែល​ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-3901​ និង​ស្លាក​លេខ​កោះកុង ​3A-0492 ដែល​បាន​ផ្ទុក​សត្វព្រៃ​ចម្រុះ​រួមមាន​ សត្វ​អណ្តើក​រស់​ចំនួន​៣​ការុង​ និង​២​កេស​មាន​ទម្ងន់​២៤០​គីឡូក្រាម​, សត្វ​ពស់ វែក​រស់​ចំនួន​១​កេស​ទម្ងន់​២៧​គីឡូក្រាម​, សត្វ​ពស់​ចាន់​ល្មម​១​កេស​ទម្ងន់​១៤​គីឡូក្រាម​, សត្វ​កន្ធាយ​រស់​ចំនួន​៤​កេស​ទម្ងន់​៩៥,៥​គីឡូក្រាម​ និងសត្វ​ប្រវឹក ​និង​សត្វ​ត្រកួត​ងាប់​ចំនួន​១​កេស​ទម្ងន់​៤៦​គីឡូក្រាម​។​

​មន្ត្រីដដែលបន្តថា ឃាត់ខ្លួន​មនុស្ស​ពាក់​ព័ន្ធ​ចំនួន​៥​នាក់​រួមមាន​១​ឈ្មោះ អ៊ឹម សុជា ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ​(​អ្នកបើកបរ​), ២​.ឈ្មោះ ប៉ុម សាវុន ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​(​អ្នកបើកបរ​), ៣​.ឈ្មោះ សឿង រដ្ឋា ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​(​ព្រូឡាន​), ៤​.ឈ្មោះ សៀង ហ៊ុន​សុជា ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​(​ព្រូឡាន​) និង៥​.ឈ្មោះ ផូ ហន ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ​ (​ម្ចាស់​សត្វព្រៃ​)​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ទាំង​ម្ចាស់​សត្វព្រៃ​ និង​ទាំង​អ្នកបើកបរ​បាន​ឆ្លើយ​សារភាព​ប្រាប់ថា​ សត្វព្រៃ​ទាំងអស់​នេះ​គឺ​ពួកគេ​ដឹក​ចេញពី​ភូមិ​កូនដំរី ឃុំ​គោក​និមិត្ត ខេត្ត​បន្ទាយមានជ័យ​ ឆ្ពោះទៅកាន់ រាជធានី​ភ្នំពេញ ហើយ​អ្នកបើកបរ​បាន​បញ្ជាក់​ថា​ចាប់តាំងពី​ពួក​គេ​ដឹក​ជញ្ជូន​សត្វព្រៃ​មក​រហូត​ដល់​ពេល​នេះ​គឺ​បាន​ចំនួន​២០​ជើង​ហើយ​៕


 

adverise with khmeread