ស្ត្រីម្នាក់មានម្ជុលរាប់សិបដើមនៅក្នុងជើងយ៉ាងចម្លែក សូម្បីវេជ្ជបណ្ឌិតក៏ទាល់តម្រិះដែរ

ស្រ្តីមេម៉ាយអាយុ ៣៥ ឆ្នាំម្នាក់អះអាងថា ម្ជុល ដែកគោល និងម្ជុលស៊ីរ៉ាំងចេញពីជើងរបស់ខ្លួន ហើយស្ដ្រីនោះកប់យោបល់មិនដឹងវាមកពីណា។ ស្ត្រីឈ្មោះ Anusuiya Devi មកពីភូមិតូចមួយក្នុងស្រុក Fatehpur រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា និយាយថា បាតុភូតចម្លែកបានកើតឡើងក្នុងឆ្នាំ ២០១២ ហើយស្ដ្រីនោះបានឈឺចាប់ហួសថ្លែងស្ទើរទ្រាំមិនបាន។

Anusuiya Devi បានអះអាងថា ខ្លួនមានគីសនៅលើជើង ដែលទីបំផុតវាផ្ទុះ និងចេញសារធាតុរាវៗ។ ស្ដ្រីនោះពិបាកក្នុងការដើរ ឈរ និងអង្គុយ ប៉ុន្ដែវេជ្ជបណ្ឌិតបានបដិសេធដើម្បីជួយគាត់ ខណៈដែលពួកគេជឿថាស្ដ្រីនោះបានយកម្ជុលចាក់ចូលសាច់ខ្លួនឯង ប៉ុន្ដែការចោទប្រកាន់នោះ Anusuiya បានបដិសេធ។ ស្ដ្រីនោះបានទទូចថាខ្លួនមិនបានចាក់ម្ជុលចូលក្នុងសាច់របស់ខ្លួនទេ ថែមទាំងមានបងប្រុសឈ្មោះ Awadhesh Kumar រស់នៅជាមួយនឹងគ្នា ៧ ឆ្នាំ គាំទ្រខ្លួនទៀតផង។

Anusuiya បានទៅមន្ទីរពេទ្យក្នុងស្រុកជាច្រើន តែគ្មានពេទ្យណាជួយបាន។ រហូតដល់តែទៅពេទ្យរដ្ឋក្នុងស្រុក Fatehpur នៅថ្ងៃទី ២៥ តុលា វេជ្ជបណ្ឌិតបានស្កែនកាំរស្មីអ៊ិច និងឃើញមានម្ជុល ៧០ ក្នុងជើងរបស់ស្ដ្រីនោះ។

វេជ្ជបណ្ឌិត Naresh Vishal និយាយថា "នាងមកទាំងការឈឺចាប់ក្នុងជើង។ យើងបានស្កែនរាងកាយទាំងមូល និងរកឃើញមានម្ជុល ៧០ គ្រាប់ផ្សេងគ្នានៅក្រោមជង្គង់របស់នាង។ យើងបានស្កែនមើលរាងកាយទាំងមូលមើលថាតើមានម្ជុលនៅកន្លែងណាទៀតទេ ប៉ុន្ដែមិនមានទេ។ យើងរកឃើញតែម្ជុលក្នុងជើងរបស់នាងប៉ុណ្ណោះ"។

វេជ្ជបណ្ឌិតបន្តថា "ផ្នែកវេជ្ជសាស្រ្ត គ្មានផ្លូវណាដែលម្ជុលដុះក្នុងរាងកាយមនុស្សបានទេ។ ដូច្នេះយើងមិនអាចបញ្ជាក់ថាតើម្ជុលក្នុងរាងកាយស្ដ្រីនោះដោយរបៀបណាទេ ប៉ុន្ដែយើងសង្ស័យអ្នកជំងឺផ្ទាល់ជាអ្នកដាក់វាចូលខ្លួនឯង។ យើងត្រូវកំណត់ថាតើអ្នកជំងឺមានជំងឺសតិអារម្មណ៍ឬយ៉ាងណា។ ខ្ញុំមិនដែលជួបករណីអ្វីយ៉ាងនេះទេ ក្នុងអាជីពរបស់ខ្ញុំ។ យើងឃើញមានម្ជុលយ៉ាងច្រើនក្នុងជើង ហើយយើងមិនយល់ថាតើនាងអាចទ្រាំឈឺចាប់យ៉ាងយូរដោយរបៀបណា"។

Anusuiya បច្ចុប្បន្នបានបញ្ចូនទៅមន្ទីរពេទ្យ Kanpur ដើម្បីឱ្យវេជ្ជបណ្ឌិតជាច្រើនរូបអាចស្រាវជ្រាវលើស្ថានភាពជំងឺនិងជួយនាងដោះស្រាយបញ្ហានេះ៕

adverise with khmeread