កម្លាំងកងរាជអាវុធហត្ថស្រុកភ្នំស្រួច សហការបង្ក្រាបបទល្មើសត្វព្រៃ ១៦ មុខ

កំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថ ស្រុកភ្នំស្រួច សហការជាមួយ កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើស សត្វព្រៃចល័ត និងប៉ូលិសស្រុក មានធ្វើការបង្ក្រាបបទល្មើសសត្វព្រៃ នៅចំណុចផ្ទះលក់ផ្សិតក្រៀម ៩៩៩ នៅវេលាម៉ោង ១និង ២០នាទី រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ម្ចាស់ហាងលក់ផ្សិតក្រៀម ៩៩៩ ឈ្មោះ សៀក សុជាតិ ភេទប្រុស អាយុ៣២ឆ្នាំ ជាម្ចាស់ផ្ទះ រស់នៅក្នុងភូមិចេក (ស្រែខ្លុង) ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សមត្ថកិច្ចបានរឹបអូស សត្វព្រៃមាន៖ ១-ពង្រូលរស់ ០១ ក្បាល ទំងន់ ៦,១០ គីឡូក្រាម, ២-អន្សងរស់ ០១ ក្បាល ទងន់ ៣,១០គីឡូក្រាម, ៣-អណ្តើកភ្នំរស់ ចំនួន ០៨ក្បាល ទំងន់ ៨,៥០គីឡូក្រាម, ៤-អណ្តើកផ្កាយរស់ ចំនួន ០១ក្បាល ទំងន់ ០២ គីឡូក្រាម, ៥-សំពោចក្រអូបងាប់ ចំនួន ០២ក្បាល ទំងន់ ១,៣០គីឡូក្រាម, ៦-សំពោចវល្លិ៍ងាប់ ចំនួន ០២ក្បាល ទងន់ ៣,៥០ គីឡូក្រាម, ៧-ពង្រូលងាប់ ០១ក្បាល ទំងន់ ២,២០ គីឡូក្រាម, ៨-ក្បាលប្រើសជាប់ស្នែង ចំនួន ០១ក្បាល, ៩-ឆ្អឹងក្បាលកេងកង ចំនួន ០១ក្បាល, ១០-សាច់ឈ្លូសស្រស់ ទំងន់ ០១គីឡូក្រាម, ១១-ឆ្អឹងឈ្លូស ចំនួន ០៣គីឡូក្រាម, ១២-ក្រចកខ្លាឃ្មុំ ចំនួន ៤១ ក្រចក, ១៣-ខ្នាយជ្រូកព្រៃ ១១ខ្នាយ, ១៤-ចង្កូមឆ្កែព្រៃ ២៣ចង្កូម, ១៥-ឈាមរញីលាយស្រា ចំនួន ១,៥០លីត្រ និង១៦-ឈាមឈ្លូសលាយស្រា ចំនួន ០៤លីត្រ។

បច្ចុប្បន្ន វត្ថុតាងយកមករក្សាទុកនៅរដ្ឋបាលព្រៃឈើ គីរីវ័ន្ត។ ចំណែកជនសង្ស័យត្រូវបានមន្ត្រីជំនាញបានកសាងសំណុំរឿង តាមនីតិវិធី៕

adverise with khmeread