សមត្ថកិច្ចឃាត់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២ រូបសង្ស័យដំឡើងឧបករណ៍ផ្សាយវិទ្យុ

ភ្នំពេញ ៖ អតីតបុគ្គលិកវិទ្យុអាស៊ីសេរី ២ រូបត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ធ្វើការឃាត់ខ្លួន សង្ស័យដំឡើងឧបករណ៍ផ្សាយវិទ្យុខុសច្បាប់ ហើយបញ្ជូនទៅស្នងការដ្ឋាន ប៉ូលិសរាជធានីភ្នំពេញ នៅចំណុចបន្ទប់E04 ជាន់ទី៧ នៃសណ្ឋាគារម៉ារឌី នៅស្ពានអាកាស ស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាចនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីធ្វើការសាកសួរបន្ត។

សមត្ថកិច្ចបានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនអតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ក្រោមបទសង្ស័យដំឡើងប្រព័ន្ធផ្សព្វផ្សាយដោយខុសច្បាប់។ ការឃាត់ខ្លួន បុគ្គលិកវិទ្យុអាស៊ីសេរី រូបនេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងសាលាដំបូង​រាជធានី​ភ្នំពេញ លោក​ អ៊ុំ​ សុភ័ក្រ គណៈបញ្ជាការឯកភាព​ខណ្ឌមានជ័យ ដឹកនាំដោយលោក ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ​និងលោក​ ឌី​ រ័ត្នខេមរុណ​ អភិបាលរង​។

សមត្ថកិច្ចបន្តថា លោក អ៊ួន ឈិន ត្រូវបានបញ្ជូនទៅស្នងការដ្ឋានប៉ូលិសរាជធានី ភ្នំពេញ ភ្លាមៗផង ដើម្បីធ្វើការសាកសួរ និងធ្វើកំណត់ហេតុផ្សេងៗ ក្រោយរកឃើញថា លោក អ៊ួន ឈិន បានរៀបចំដំឡើងបន្ទប់ផ្សាយចេញពីទីតាំងសណ្ឋាគារម៉ារឌី ដោយខុសច្បាប់ ប៉ុន្តែមិនទាន់ដំណើរការនៅឡើយ។ នៅ ថ្ងៃទី១៥ ខែវិច្ឆិកា សមត្ថកិច្ចនឹងបង្កើតគណៈកម្មការចម្រុះមួយដើម្បីធ្វើការស៊ើបអង្កេត និងកោសល្យវិច័យលើភស្តុតាង ដែលបានរកឃើញកាលពីល្ងាចមិញនេះ។

ចំណែកលោក អ៊ួន ឈិន និយាយថា លោកដំឡើងឧបករណ៍ខាងលើសម្រាប់ច្រៀងខារ៉ាអូខេ ថតវីដេអូក្នុងពិធីរៀបការ និង ពិធីបុណ្យផ្សេងៗសម្រាប់តម្រូវការអតិថិជន។

រហូតដល់ព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០១៧នេះ សមត្ថកិច្ចចម្រុះកំពុងបន្តឡោមព័ទ្ធទីតាំងបន្ទប់ដំឡើងឧបករណ៍ដើម្បីឆែកឆេររកវត្ថុតាងបន្តទៀត។

សូមរំលឹកថា បន្ទាប់ពីចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា បិទដំណើរការផ្សាយរបស់វិទ្យុជាង២០មកនោះ វិទ្យុអាស៊ីសេរី បានសម្រេចចិត្តផ្អាកដំណើរការការិយាល័យ ព័ត៌មានរបស់ខ្លួននៅរាជធានីភ្នំពេញ ដោយយល់ឃើញថា ចំណាត់ការរបស់រដ្ឋាភិបាល គឺមិនអនុញ្ញាតឱ្យខ្លួនបន្តបេសកកម្មបានទៀតទេ។

វិទ្យុទទួលជំនួយពីបរទេសមួយនេះ បានហៅចំណាត់ការរបស់រដ្ឋាភិបាល មកលើប្រព័ន្ធផ្សព្វផ្សាយថ្មីៗនេះថា ជាការបង្ក្រាបមកលើសំឡេងឯករាជ្យ។ នេះបើយោងសេចក្ដីថ្លែងការណ៍របស់វិទ្យុអាស៊ីសេរី ដែលមានមូលដ្ឋាននៅទីក្រុងវ៉ស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៧កន្លងទៅ។

ឆ្លើយតបភ្លាមៗចំពោះការចោទប្រកាន់នេះ ក្រសួងព័ត៌មាន បានធ្វើសន្និសីទកាសែត បញ្ជាក់ថា ក្រសួងមិនបានបិទការិយាយល័យវិទ្យុអាស៊ីសេរី និងកាសែតខេមបូឌាដេលី ដូចអ្វីដែលបានចោទប្រកាន់នោះទេ។ ប៉ុន្តែផ្ទុយទៅវិញ ក្រសួងបាន និងកំពុងរកវិធីជួយបុគ្គលិកវិទ្យុអាស៊ីសេរី ដែលមានបុគ្គលិកមួយចំនួនថា នឹងធ្វើការក្នុងទីងងឹត (ចារកម្ម) ផងដែរ៕

adverise with khmeread