កម្មករថែសួនម្នាក់ធ្លាក់ពីលើកាំជណ្តើរត្រូវដុំថ្មស្លាប់

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងកក់១បានទទួលពត៌មានពីករណីមនុស្សស្លាប់ នៅក្នុងផ្ទះលេខ៣៦ ផ្លូវលេខ៣៣៧ក្រុមទី២៣ ភូមិ៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៣ និង០៥នាទី រសៀល។

ប៉ូលិសនិយាយថា សពឈ្មោះ ស្រេម សុខជា ហៅ វិត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករថែសួន ស្នាក់នៅផ្ទះលេខ៣៦ផ្លូវ លេខ៣៣៧ ក្រុមទី២៣ ភូមិ៦ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការបំភ្លឺអះអាងរបស់ឈ្មោះ ហេង ឡេឈីវ ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ បានអះអាងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ២និង៤៥នាទីរសៀលឈ្មោះ ស្រេម សុខជា ហៅ វិត (សព) បានយកកន្រ្តៃមកកាត់ផ្កា និងកាត់ស្មៅនៅក្នុងបរិវេណផ្ទះលេខ៣៦ ផ្លូវ លេខ៣៣៧ ក្រុមទី២៣ ភូមិ៦ សង្កាត់បឹងកក់ ទី១ជាធម្មតាដូចសព្វដង។

រហូតដល់ម៉ោងប្រហែល៣ និង០៥នាទី រសៀលស្រាប់តែអ្នកបើករថយន្តឈ្មោះ ប៉ោ សុភារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បាន បើករថយន្តចេញទៅក្រៅ។ ពេលនោះឈ្មោះ ប៉ោ សុភារ៉ា បានឃើញជនរងគ្រោះឈ្មោះ ស្រេម សុខជា ហៅ វិត បានដេកក្បាលកើយនៅលើដុំថ្មសួន (នៅក្នុងសួន)។ ភ្លាមនោះឈ្មោះ ប៉ោ សុភា រ៉ា ក៏រត់ទៅមើលជនរងគ្រោះបានស្លាប់បាត់ហើយ រួចក៏រាយការណ៌ប្រាប់ ម្ចាស់ផ្ទះ និងសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកពិនិត្យតែម្ដង។

តាមការពិនិត្យរបស់ប៉ូលិសការិយាល័យបច្ចេកទេស និងវិទ្យាសាស្រ្ត រាជធានី ភ្នំពេញ និង លោក ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យ រាជធានី ភ្នំពេញ ថា ជនរងគ្រោះបានស្លាប់ដោយសារការ ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ធ្លាក់ពីលើកាំជណ្ដើរ បោកក្បាលស្លាប់។

បច្ចុប្បន្នសព បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិជ្រោយថ្ម ឃុំចំបក់ ស្រុកព្រែក ប្រសព្វ ខេត្តក្រចេះ៕


 

adverise with khmeread