Didier Drogba ប្រកាសចូលនិវត្តពីវិស័យបាល់ទាត់នៅដំណាច់រដូវកាលនេះ

          អតីតវីរបុរសរបស់ក្លឹប Chelsea កីឡាករ Didier Drogba បាន​ប្រកាស​ពីការ​ចូល​និវត្ត​ពី​វិស័យបាល់ទាត់។ កីឡាករ​វ័យ​៣៩​ឆ្នាំ​រូបនេះដែលកំពុង​លេងនៅ​ក្លឹប Phoenix Rising ទីដែល​ខ្លួន​ជា​ម្ចាស់ភាគ​ហ៊ុន​ក្នុងក្លឹបនេះផងដែរនោះ បាន​បង្ហើបប្រាប់​ថា ខ្លួន​នឹង​លាលែង​ពី​វិស័យបាល់ទាត់នៅ​ដំណាច់រដូវកាល​នេះ។

          Drogba បាន​និយាយថា “​ខ្ញុំគិតថា ឆ្នាំ​ក្រោយ​នឹងក្លាយជា​រដូវកាល​ចុងក្រោយ​របស់ខ្ញុំ។​ ដល់ពេលមួយ អ្នក​ត្រូវ​តែ​ឈប់។ ខ្ញុំ​ត្រូវ​ការ​ពេលវេលា​សម្រាប់គម្រោងផ្សេងទៀត។​ វាពិតជា​ល្អណាស់ដែល​អាចលេងបាន ប៉ុន្តែ​ក្នុង ​វ័យ​៣៩​ឆ្នាំហើយ​ វាមិនងាយ​ស្រួល​ទេ។

          Drogba ធ្លាប់បានបង្ហាញមុខ​៣៨១​លើក​សម្រាប់ក្រុម​ Chelsea ដោយ​រក​បាន​១៦៤​គ្រាប់។ កីឡាកររូបនេះធ្លាប់លើក​ពាន​ PL បួន​លើក​នៅ​ពហុកីឡា    ដ្ឋាន Stamford Bridge ​ពាន​ FA Cups បួន​លើក​និង​ពាន League Cups បី​លើក​និង​ CL ​១​លើកផងដែរ។

          Drogba បាន​ចាកចេញពី​ Chelsea ​កាល​ពី​រដូវក្តៅ​ឆ្នាំ​២០១៥​ ហើយផ្ទេរ​ទៅ​លេងនៅ​អាមេរិក​និង​ចំណាយ​ពេល​ពីរ​រដូវកាល​ជាមួយ​ក្លឹប Montreal Impact នៅ​ក្របខណ្ឌ MLS។

          Drogba បានលេងជាមួយក្លឹប Phoenix ចាប់តាំង​ពី​ចូលឆ្នាំ​ថ្មី ហើយ​កីឡាករ​រូបនេះ​រក​បាន​១០គ្រាប់​ក្នុងការ​បង្ហាញ​មុខ​១៤​លើក៕

adverise with khmeread