ចិនប្រកាសធ្វើ "បដិវត្តន៍បង្គន់" រយៈពេល ៣ ឆ្នាំ ដើម្បីជំរុញវិស័យទេសចរណ៍ឱ្យរីកចម្រើនខ្លាំងក្លា

ចិនបានប្រកាសកាលពីថ្ងៃអាទិត្យទី១៩វិច្ឆិកាថាខ្លួននឹងកសាងបង្គន់សាធារណៈ ៦៤.០០០ កន្លែងនៅចន្លោះឆ្នាំ ២០១៨ និង ២០២០ ដែលជាផ្នែកមួយនៃ "បដិវត្តន៍បង្គន់" ក្នុងបំណងជំរុញវិស័យទេសចរណ៍និងលើកកម្ពស់ការចូលរួមចំណែកនៃវិស័យនេះចំពោះកំណើនសេដ្ឋកិច្ច។

ចិនខិតខំខ្នះខ្នែងអភិវឌ្ឍនិងពង្រីកឧស្សាហកម្មសេវាកម្មដើម្បីងាកចេញពីកំណើនសេដ្ឋកិច្ចដែលពឹងផ្អែកលើបំណុលនិងការវិនិយោគ ខណៈដោះស្រាយលើផលប៉ះពាល់នៃការថយចុះតម្រូវការនៃការនាំចេញរបស់ខ្លួននៅលើពិភពលោក។

ជាពិសេសចិនបាននិងកំពុងសម្លឹងមើលឧស្សាហកម្មទេសចរណ៍ដែលកំពុងរីកចម្រើនរបស់ខ្លួន ដោយសន្យាកាលពីឆ្នាំមុននូវទឹកប្រាក់វិនិយោគចំនួន ២ លានលានយ័ន (២៩០ ពាន់លានដុល្លារ) ដែលខ្លួនសង្ឃឹមថានឹងជួយលើកស្ទួយការចូលរួមចំណែកនៃវិស័យនេះចំពោះកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ។

យោងតាមរដ្ឋបាលទេសចរណ៍ជាតិចិន (CNTA) បានឱ្យដឹងថា ខណៈ "បដិវត្តន៍បង្គន់" បីឆ្នាំបាននាំមកនូវ "ភាពជោគជ័យយ៉ាងធំធេង" ការរំពឹងទុកនៃវិស័យទេសចរណ៍ដែលកំពុងរីកចម្រើននេះបានរងភាពស្រអាប់ ដោយសារតែការរអ៊ូរទាំខ្លាំងឡើងអំពីកម្រិតអនាម័យតាមបង្គន់នានានៅក្នុងតំបន់ទេសចរណ៍របស់ចិន។

ទីភ្នាក់ងារសារព័ត៌មានស៊ិនហួបាននិយាយថា ចាប់តាំងពីឆ្នាំ ២០១៥ ចិនបានចំណាយ ១,០៤ ពាន់លានយ័នក្នុងការសាងសង់និងជួសជុលបង្គន់ចំនួន ៦០.០០០ កន្លែង គឺហួសពីគោលដៅរយៈពេល ៣​ ឆ្នាំរបស់ខ្លួនទៅទៀត ដែលមានចំនួនត្រឹម ៥៧.០០០ កន្លែង។

នាយក CNTA លោក Li Jinzao ត្រូវបានស៊ិនហួដកស្រង់សម្តីដោយនិយាយថា "បដិវត្តន៍បង្គន់...គឺជាវិធានការបន្ទាន់និងចាំបាច់ដើម្បីផ្លាស់ប្តូរនិងធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍របស់យើង" ។

នៅក្រោមគំនិតផ្តួចផ្តើមថ្មីនេះ ចិននឹងសង់បង្គន់អនាម័យថ្មី ៤៧.០០០ កន្លែង និង ១៧.០០០ កន្លែងទៀត នឹងត្រូវកែលម្អឡើងវិញក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ៕

adverise with khmeread