ប្រជាជនស៊ីមបាវ៉េនាំគ្នាអបអរទូទាំងប្រទេស នៅពេលបក្សកាន់អំណាចបណ្តេញប្រធានាធិបតី Robert Mugabe អាយុ៩៣​ ឆ្នាំ ចេញពីតំណែង

គណបក្សកាន់អំណាចរបស់ស៊ីមបាវ៉េបានទម្លាក់លោក Robert Mugabe ចេញពីតំណែងមេដឹកនាំរបស់ខ្លួន ខណៈសម្ពាធកាន់តែខ្លាំងឡើងដើម្បីឱ្យគាត់ចុះចេញពីតំណែងប្រធានាធិបតី។

គណបក្ស Zanu -PF បានតែងតាំងអតីតអនុប្រធានាធិបតី លោក Emmerson Mnangagwa ដែលត្រូវបានបណ្តេញចេញពីតំណែងដោយលោក Mugabe កាលពី ២ សប្តាហ៍ ឱ្យជំនួសតំណែងរបស់គាត់។

គណបក្សនេះបានផ្តល់ពេលឱ្យលោក Mugabe អាយុ ៩៣ ឆ្នាំរហូតដល់ម៉ោង ១០ ព្រឹកថ្ងៃចន្ទ ទី២០ វិច្ឆិកាដើម្បីលាឈប់ពីតំណែងជាប្រធានាធិបតី ឬមិនអ៊ីចឹងទេប្រឈមមុខនឹងការចោទប្រកាន់។

យោធាបានធ្វើអន្តរាគមន៍កាលពីសប្តាហ៍មុនក្នុងការប៉ុនប៉ងជាក់ស្តែងដើម្បីរារាំងគាត់ពីការបន្តុបប្រពន្ធគាត់ជាអ្នកស្នងតំណែងរបស់គាត់។

ជំទាវទី១ Grace Mugabe និង មន្រ្តីជាន់ខ្ពស់ជាច្រើននាក់ផ្សេងទៀត ត្រូវបានបណ្តេញចេញពីគណបក្សជាមួយគ្នាតែម្តង។

ប្រជាពលរដ្ឋស៊ីមបាវ៉េរាប់ម៉ឺននាក់បានចូលរួមការតវ៉ាតាមដងផ្លូវកាលពីថ្ងៃសៅរ៍ ដោយធ្វើបាតុកម្មប្រឆាំងនឹងគ្រួសារត្រកូល Mugabe ។

យោងតាមសារព័ត៌មាន The Herald របស់ស៊ីមបាវ៉េបានឱ្យដឹងថា លោក Mugabe ក៏បានជួបមេដឹកនាំយោធាផងដែរកាលពីថ្ងៃអាទិត្យ។

ខណៈព័ត៌មានលម្អិតនៃការចរចាមិនត្រូវបានចេញផ្សាយ រូបថតបង្ហោះដោយកាសែតរដ្ឋ បានបង្ហាញ ភាគីទាំងសងខាង ដែលបានជួបគ្នាជាច្រើនថ្ងៃកន្លងមកនេះ បានចាប់ដៃគ្នា។

លោក Mugabe ត្រូវបានគេនិយាយថាកំពុងស្វែងរកពេលវេលាបន្ថែមទៀតដើម្បីចរចារចាកចេញពីតំណែងរបស់គាត់ បន្ទាប់ពីកាន់អំណាចជិត ៤០ ឆ្នាំ។

ការអបអរបានផ្ទុះឡើង នៅពេលការសម្រេចចិត្តបណ្តេញលោក Mugabe ពីមេដឹកនាំបក្ស ត្រូវបានប្រកាសក្នុងរដ្ឋធានី Harare កាលពីថ្ងៃអាទិត្យ។

មន្ត្រីជាន់ខ្ពស់ម្នាក់ ក្រោយមកបានប្រាប់ BBC ថា "វាជាការចាប់ផ្តើមយុគសម័យថ្មី។ លោក Mugabe អាចទៅធ្វើស្រែបានហើយ"។

គណៈកម្មាធិការកណ្តាលបក្ស Zanu-PF ក៏បានព្រមានដែរថា ដំណើរការចោទប្រកាន់នឹងចាប់ផ្តើម ប្រសិនបើលោក Mugabe មិនព្រមចុះចេញពីតំណែងប្រធានាធិបតីនៅត្រឹមថ្ងៃត្រង់នាថ្ងៃចន្ទ ទី ២០ វិច្ឆិកា៕


ប្រភព៖ បរទេស

adverise with khmeread