ទិញថ្នាំញៀនពីវាលខ្សាច់ ចាក់អង្រែទៅលក់នៅស្អាងត្រូវប៉ូលិសវ៉ៃខ្នោះ

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) នានៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១២ និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ មួយ ហ៊ុយ ហៅ អាកំពិត ភេទប្រុស ស្ថិតក្នុងភូមិ ព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។   

ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ មួយ ហ៊ុយ ហៅអាកំពិត ភេទ ប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ វត្ថុតាងចាប់យករួមមាន៖ ១ - ម្សៅក្រាមពណ៌សសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៥៥ កញ្ចប់តូច និង២- ឧបករណ៍សំរាប់ប្រើប្រាស់ វេចខ្ចប់គ្រឿងញៀនមួយចំនួន ។

ប៉ូលិសបន្តថា ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចផ្ទះរបស់ឈ្មោះ មួយ ហ៊ុយ ស្ថិតក្នុងភូមិ ព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលត្រើយស្លា បានចុះទៅដល់ចំណុចកើតហេតុ។

ដោយទទួលការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញា សាលាដំបូងខេត្តកណ្តាល ឱ្យធ្វើការត្រួតពិនិត្យឆែកឆេរលំនៅដ្ឋានឈ្មោះ មួយ ហ៊ុយ បានរកឃើញម្សៅក្រាបពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៥៥កញ្ចប់តូច ក្នុងនោះ ឈ្មោះ មួយ ហ៊ុយ បានលាក់ក្នុងពិល ចំនួន៤០កញ្ចប់តូច, ក្នុងសំបុកមាន់ ចំនួន ១០កញ្ចប់តូច និងនៅលើផ្ទះចំនួន ០៥កញ្ចប់តូច រួមទាំងឧបករណ៍សម្រាប់វេចខ្ចប់ ប្រើប្រាស់មួយចំនួន រួចឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋានស្រុកស្អាង ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ មួយ ហ៊ុយ បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក) ចំនួន ០១ កញ្ចប់ធំ តម្លៃ ១.២០០.០០០៛ (មួយលានម្ភៃម៉ឺនរៀល) ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ ចាក់អង្រែរាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ចប់លក់ក្នុង ០១កញ្ចប់តូច តម្លៃ ៤០.០០០៛។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋានប៉ូលិសស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread