មនុស្សរាប់ម៉ឺននាក់នាំគ្នារត់ម៉ារ៉ាតុងនៅទីក្រុងញូវដេលី ទោះបីខាងសុខាភិបាលព្រមានពីផលប៉ះលសុខភាពបង្កដោយផ្សែងអ័ព្ទពុល

ការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ​(ចម្ងាយ២១គីឡូម៉ែត្រ) បានធ្វើតាមការគ្រោងទុកកាលពីថ្ងៃអាទិត្យ ទី១៩ វិច្ឆិកា ទោះបីជាមានការព្រមានអំពីក្រុមវេជ្ជបណ្ឌិត បន្ទាប់ពីតុលាការនៅទីក្រុងនេះ បានបដិសេធការបញ្ជាឱ្យមានការពន្យារពេល។

សមាគមវេជ្ជសាស្រ្តឥណ្ឌា​បានស្នើតុលាការក្រុងញូវដេលីដើ​ម្បីឱ្យពន្យារពេលព្រឹត្តការណ៍រត់ម៉ារ៉ាតុងនេះ បន្ទាប់ពីមានការកើនឡើងនៃកម្រិតកង្វក់បរិយាកាសដែលខ្លួនបានពណ៌នាថាជាការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈ។

ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនតុលាការនេះបាននិយាយថាខ្លួនមានការជឿជាក់លើការធានារបស់ក្រុមអ្នករៀបចំថា ពួកគេកំពុងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបានដើម្បីកាត់បន្ថយការព្រួយបារម្ភ។

វិធានការមួយចំនួនត្រូវបានអនុវត្តដោយរួមទាំងការបាញ់ទឹកដើម្បីរក្សាកម្រិតធូលីធ្លាក់ចុះទាប ហើយមានរថយន្តសង្គ្រោះនិងស្ថានីយពេទ្យសង្គ្រោះជាច្រើន ដែលមានវេជ្ជប​ណ្ឌិតនិងបុគ្គលិកពេទ្យចាំជួយសង្គ្រោះ។

មនុស្សជិត៣៥.០០០បានចូលរួមការរត់ប្រណាំងនេះ កាលពីថ្ងៃអាទិត្យនៅទីក្រុងនេះ បន្ទាប់ពីផ្សែងអ័ព្ទបានឡើងដល់កម្រិតគ្រោះថ្នាក់អស់រយៈពេលជាងមួយសប្តាហ៍មកហើយ រហូតដល់រដ្ឋាភិបាលបានបង្ខំចិត្តបិទសាលារៀនជាច្រើនអស់រយៈពេលជាច្រើនថ្ងៃមកនេះ៕
 

adverise with khmeread