ស្ពានចិនវែងបំផុតលើពិភពលោក ដែលអាចទប់ទល់នឹងរញ្ជួយដីរង្វាស់ ៨ រិច្ឆទ័រ នឹងសង់រួចរាល់នៅចុងឆ្នាំ ២០១៧ នេះ

សំណង់ស្ពាននិងផ្លូវរូងក្រោមដីវែងបំផុតលើពិភពលោក គឺស្ពានហុងកុង-ជូហៃ-ម៉ាកាវ (Hong Kong-Zhuhai-Macao Bridge) "បានសង់រួចរាល់ ៩៥ ភាគរយហើយ"។ នេះបើយោងតាមប្រធានវិស្វករនៃគម្រោងសង់ស្ពាននិងផ្លូវរូងក្រោមដីនេះ។

លោក Lin Ming ដែលជាអ្នកគ្រប់គ្រងទូទៅរបស់គម្រោងដែរនោះ បានពិភាក្សាអំពីស្ថានភាពស្ពាននៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនជាមួយវេបសាយ China Daily នៅការដ្ឋានសាងសង់ស្ពាននៅក្នុងទីក្រុងជូហៃ ខេត្តក្វាងទុង។

លោក Lin Ming និយាយថា ស្ពាននេះនឹងស្ថាបនារួចរាល់នៅដំណាច់ឆ្នាំនេះ។ វាគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់នៅក្នុងប្លង់មេសម្រាប់តំបន់ឈូងសមុទ្រគ័ងតុង-ហុងកុង-ម៉ាកាវ។

ជាមួយនឹងគម្រោងស្ពានជិតឈានដល់ការបញ្ចប់សាងសង់ គណៈប្រតិភូមកពីប្រទេសផ្សេងៗបានមកធ្វើទស្សនកិច្ចនិងសម្តែងការចាប់អារម្មណ៍ក្នុងការអញ្ជើញក្រុមរបស់លោកលីនដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្រដៀងគ្នានេះ។

លោក Lin Ming បាននិយាយថា ក្រុមមួយមកពីអេស្ប៉ាញក្នុងចំណោមភ្ញៀវថ្មីៗជាច្រើននោះ បានទាក់ទងលោកលីនអំពីលទ្ធភាពនៃការអនុវត្តបច្ចេកវិជ្ជាចិនទៅលើបណ្តាញផ្លូវរូងក្រោមដីនិងស្ពានដ៏មានសក្តានុពលឆ្លងកាត់ច្រកសមុទ្រដ៏ល្បីល្បាញបំផុតរបស់ពិភពលោក គឺច្រកសមុទ្រហ្គីលប្រាលតា (Strait of Gibraltar)។

លោក Lin Ming បាននិយាយថា បន្ទាប់ពីការស្ថាបនាស្ពាននេះ ប្រទេសចិនត្រូវបានគេទទួលស្គាល់ថាជាប្រទេសនាំមុខគេមួយក្នុងចំណោមប្រទេសនាំមុខគេជាច្រើនក្នុងវិស័យបច្ចេកវិជ្ជាផ្លូវរូងក្រោមដីនៅក្រោមសមុទ្រ។

ស្ពាននេះលាតសន្ធឹងប្រវែង ៥៥ គីឡូម៉ែត្រ គឺវែងជាង ២០ ដងនៃស្ពាន Golden Gate Bridge នៃក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ហើយវានឹងកាត់បន្ថយការធ្វើដំណើរ ៤ ម៉ោងពីហុងកុងទៅជូហៃ មកនៅត្រឹមកន្លះម៉ោងប៉ុណ្ណោះ។ ការសាងសង់បានចាប់ផ្តើមនៅឆ្នាំ ២០០៩។ ស្ពាននេះត្រូវបានសាងសង់ឡើងដើម្បីទប់ទល់នឹងការរញ្ជួយដីរង្វាស់ ៨ រិច្ឆទ័រ ព្យុះទីហ្វុងល្បឿនពី ១៨៤ ទៅ ២០២ គីឡូម៉ែត្រក្នុងមួយម៉ោង ឬ ការបុកទង្គិចពីសំណាក់នាវាដឹកទំនិញទម្ងន់ ៣០០.០០០ តោន៕ ប្រភពចិន



adverise with khmeread