ពិភពលោកមានមហាសេដ្ឋីលុយពាន់លានវ័យក្មេងបំផុតមួយរូបទៀតហើយ ដែលបោះបង់ចោលការសិក្សានៅសាកលវិទ្យាល័យ

លោក​ John Collison ហាក់ដូចជាមិនសូវស្រួលចិត្តប៉ុន្មានទេចំពោះការក្លាយខ្លួនជាជនល្បី។ គាត់គឺជាមហាសេដ្ឋីក្មេងជាងគេបំផុតនៅលើពិភពលោក។

នៅអាយុត្រឹម ២៧ ឆ្នាំ គាត់ហាក់ជាមេដឹកនាំជំនួញដ៏មានទំនុកចិត្តខ្ពស់ និងជាអ្នកធ្វើទំនាក់ទំនងដ៏ពូកែ។

ប៉ុន្ដែពេលសួរគាត់ថាតើគាត់មានទ្រព្យសម្បត្ដិច្រើនប៉ុនណា អ្នកនឹងបានដឹងពីអារម្មណ៍ឆ្គងៗរបស់គាត់។

បុរសអៀរឡង់រូបនេះបាននិយាយថា "មនុស្សឥឡូវនេះសួរសំណួរបែបនេះច្រើនណាស់ ហើយខ្ញុំមានអារម្មណ៍ថាពួកគេតែងចង់បានចម្លើយដ៏គួរអោយចាប់អារម្មណ៍ ហើយខ្ញុំគ្មានអ្វីសម្រាប់ពួកគេទេ។ មនុស្សសួរថាតើជីវិតរបស់អ្នកបានផ្លាស់ប្តូរយ៉ាងម៉េចទៅហើយ? ហើយពួកគេចង់ឱ្យខ្ញុំចាប់យកចំណង់ចំណូលចិត្តថ្មីដូចជាលេងល្បែងប្រមូលស៊ុត Faberge ឬប្រណាំងទូក"។

ផ្ទុយទៅវិញ គាត់និយាយថា គាត់ចូលចិត្តរត់នៅម៉ោងទំនេររបស់គាត់ ដោយរៀបរាប់ថា វាជា "ចំណង់ចំណូលចិត្តដែលចំណាយទាប និងងាយស្រួលអនុវត្ត" ។

John Collison គឺជាសហស្ថាបនិកនៃអាជីវកម្មផ្នែកសូហ្វវែមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលមនុស្សភាគច្រើននឹងមិនស្គាល់ឈ្មោះទេ គឺក្រុមហ៊ុន Stripe ។

គាត់បានបង្កើតនិងកំពុងដំណើរការក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូនេះជាមួយបងប្រុសរបស់គាត់ ឈ្មោះ Patrick អាយុ ២៩ ឆ្នាំ ដែលជាមហាសេដ្ឋីក្មេងបំផុតទី ៣ នៅលើពិភពលោក។ (លោក Evan Spiegel អាយុ ២៧ ឆ្នាំ សហស្ថាបនិកនៃក្រុមហ៊ុនបណ្តាញសង្គម Snapchat ឈរនៅចន្លោះបងប្អូនទាំងពីរនាក់នេះក្នុងនាមជាមហាសេដ្ឋីវ័យក្មេងបំផុតទី២លើលោក)។

បង្កើតឡើងក្នុងឆ្នាំ ២០១១ ក្រុមហ៊ុន Stripe មិនត្រូវបានគេស្គាល់ជាទូទៅទេ ពីព្រោះក្រុមហ៊ុនមិនលក់អ្វីដែលអតិថិជនធម្មតាអាចទិញបាននោះទេ។ ផ្ទុយទៅវិញ ប្រព័ន្ធកម្មវិធីសូហ្វវែរបស់ខ្លួនអនុញ្ញាតឱ្យក្រុមហ៊ុននានានៅជុំវិញពិភពលោកអាចធ្វើការទូទាត់ប្រាក់តាមអ៊ីនធឺណេតបានយ៉ាងងាយស្រួល និងដំណើរការវេបសាយរបស់ពួកគេដោយរលូន។

ជាមួយអតិថិជនជាង ១០០.០០០ នៅទូទាំងពិភពលោកកាលពីឆ្នាំទៅមិញ ក្រុមហ៊ុននេះបានប្រកាសអំពីមូលនិធិថ្មីមួយ ដែលមានតម្លៃ ៩,២ ពាន់លានដុល្លារ។

នេះមានន័យថា លោក John Collison និងលោក Patrick ម្នាក់ៗមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ១,១ ពាន់លានដុល្លារ។ នេះបើយោងតាមទស្សនាវដ្តី Forbes ដែលជាអ្នកជំនាញក្នុងការគណនាទ្រព្យសម្បត្តិរបស់អ្នកមាននិងជនល្បីល្បាញលើពិភពលោក។

នេះពិតជាមិនអន់ទេសម្រាប់បងប្រុសទាំងពីរនាក់ ដែលធំដឹងក្តីនៅតំបន់ជនបទឈ្មោះ County Tipperary ក្នុងភាគខាងលិចនៃសាធារណរដ្ឋអៀរឡង់ ហើយពួកគេទាំងពីរនាក់នេះក៏មានប្រវត្តិបោះបង់ចោលការសិក្សានៅសាកលវិទ្យាល័យផងដែរ៕

adverise with khmeread