បើករថយន្តបុកម៉ូតូ២គ្រឿងបន្តបន្ទាប់ស្លាប់ម្នាក់, របួសម្នាក់

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៌រវាងរថយន្តនិងម៉ូតូបណ្តាលឱ្យស្លាប់ស្រ្តីម្នាក់កើតហេតុថ្ងៃទី២១ វិច្ឆិកា ២០១៧ វេលាម៉ោង១០ និង៣០នាទីនៅលើកំណាត់ផ្លូវជាតិ លេខ៨ ចន្លោះ(KM២៧/២៨)ចំណុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ 

​ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តម៉ាក Hyundia ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H-6756 បើកបរដោយឈ្មោះ ង៉ែត ពុធ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិចំនាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពតបើកបរនៅក្នុងទិសដៅពីត្បូងបត់ទៅលិច (មិនមានរងរបួស)។

​លុះមកដល់កន្លែងកើតហេតុរថយន្តខាងលើ បានបើកចេញពីសិប្បកម្មផលិតទឹកត្រីនៅភូមិអន្លង់បំរ៉ុងទៅលក់អេតចាយ។ ពេលមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូ មួយគ្រឿងម៉ាក Wave  ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1K-0297 បើកបរដោយឈ្មោះ មួន សល់ ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ស្រាល) បើកបរនៅក្នុងទិសដៅពីលិចទៅកើត។

​បន្ទាប់មករថយន្ត ខាងលើបានបើកទៅ បុកនឹងម៉ូតូមួយគ្រឿងទៀតម៉ាក Today (ចតនៅស្ងៀម) ពណ៌ខ្មៅ គ្មានស្លាកលេខបើកបរដោយឈ្មោះ ខៀវ ស្រី ភេទ ស្រី អាយុ៦៣ឆ្នាំ នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ស្លាប់នៅកន្លែងកើតហេតុ។

​ចំណែកសម្ភារៈ ខូចខាតរថយន្តមួយគ្រឿង (ស្រាល) ម៉ូតូពីរគ្រឿង (ស្រាលមួយគ្រឿងធ្ងន់មួយគ្រឿងម៉ាកToday)។ អ្នកបើកបររថយន្តខាងលើត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនមកកាន់អធិការដ្ឋានស្រុក។ ចំពោះសម្ភារៈត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការស្រុកដើម្បីរង់ចាំការដោះស្រាយ៕

adverise with khmeread