វីវរហើយ! តារាបូលីវូដរូបនេះគ្រាន់តែសម្តែងតាមអ្នកដឹកនាំ ឥឡូវមន្ត្រីជាន់ខ្ពស់ឥណ្ឌាម្នាក់គំរាមសម្លាប់ចោល ដោយហ៊ានឱ្យតម្លៃក្បាល ១៥ ម៉ឺនដុល្លារ ហើយថែមទាំងចង់វាយបំបាក់ជើងតួប្រុសទៀត

ក្នុងក្តីអាម៉ាស់ដ៏ធំបំផុតចំពោះគណបក្សកាន់អំណាច BJP របស់ឥណ្ឌា មេដឹកនាំម្នាក់របស់ខ្លួនត្រូវបានចោទប្រកាន់ពីបទគំរាមសម្លាប់តារាស្រីឈានមុខម្នាក់របស់បូលីវូដ គឺនាង ឌីពីកា ផាឌូកូនេ (Deepika Padukone) ចំពោះការដើរតួជាម្ចាស់ក្សត្រិយ៍ Padmavati នៅក្នុងខ្សែភាពយន្តមិនទាន់បញ្ចាំងមួយ។ ម្ចាស់ក្សត្រិយ៍ Padmavati ដែលជាស្តេចស្រីហិណ្ឌូបុរាណក្នុងសតវត្សរ៍ទី ១៣ ត្រូវបានគេយកមកសម្តែងនៅក្នុងរឿងបុរាណដែលនឹងបញ្ចាំងនាពេលខាងមុខនេះ ដោយទ្រង់គឺជាវត្ថុបំពេញការសប្បាយមួយប៉ុណ្ណោះរបស់ព្រះចៅអធិរាជអ៊ីស្លាម Alauddin Khilji។

នៅក្នុងវីដេអូមួយ ដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា ប្រធានសម្របសម្រួលប្រព័ន្ធផ្សព្វផ្សាយរបស់បក្ស BJP សម្រាប់រដ្ឋហារីយ៉ាណា លោក Surajpal Amu បានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ១៥០.០០០ ដុល្លារសម្រាប់ការសម្លាប់នាង Deepika។ គាត់ក៏បានគំរាមថានឹង "បំបាក់ជើង" តួប្រុស ឈ្មោះ Ranveer Singh ដែលដើរតួជាព្រះចៅអធិរាជអ៊ីស្លាម Alauddin Khilji ដែលធ្លាប់គ្រប់គ្រងទីក្រុងដេលី ផងដែរ។

គេបានស្តាប់ឮលោក ស៊ូរ៉ាចប៉ាល់ អាមូ និយាយនៅក្នុងវីដេអូដែលកំពុងល្បីខ្ចរខ្ចាយមួយយ៉ាងដូច្នេះ "យើងមិនចង់យកច្បាប់ជាន់ឈ្លីទេ ប៉ុន្តែប្រសិនបើនរណាម្នាក់ហ៊ានប្រមាថបងប្អូនប្រុសស្រីរបស់យើង ពួកគេនឹងត្រូវទទួលទោស។ ម៉ូឌី ជី (នាយករដ្ឋមន្ត្រី) លោកត្រូវតែនិយាយ"។

ខ្សែភាពយន្ត ដឹកនាំដោយលោក Sanjay Leela Bhansali នេះ បានស្ថិតនៅក្នុងសារព័ត៌មានចាប់តាំងពីថ្ងៃចាប់ផ្តើមថតមកម៉្លេះ។ ក្រុមអ្នកតវ៉ា ដែលដឹកនាំដោយអ្នកនយោបាយដ៏មានឥទ្ធិពល ឈ្មោះ Karni Sena ជាអ្នកកាន់សាសនាហិណ្ឌូនៃក្រុមកុលសម្ព័ន្ធ Rajput ដែលម្ចាស់ក្សត្រិយ៍ Padmavati ជាស្តេចរបស់ក្រុមកុលសម្ព័ន្ធខ្លួននោះ បានចោទប្រកាន់ក្រុមការងារខ្សែភាពយន្តប្រវត្តិសាស្រ្តនេះថាក្លែងប្រវត្តិសាស្ត្រ ដោយបង្ហាញម្ចាស់ក្សត្រិយ៍ហិណ្ឌូលង់ស្នេហ៍ជាមួយមេដឹកនាំមូស្លីម។ ទីតាំងថតភាពយន្តនេះត្រូវបានបំផ្លាញ ការិយាល័យលក់សំបុត្រត្រូវបានកម្ទេច ហើយហាងជាច្រើនត្រូវបានបំផ្លិចបំផ្លាញដោយក្រុមអ្នកតវ៉ា។

ខ្សែភាពយន្តនេះគ្រោងចាក់បញ្ចាំងនៅតាមរោងកុននៅទូទាំងប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែការបញ្ចាំងត្រូវបានពន្យារពេល បន្ទាប់ពីក្រុមប្រឹក្សាភិបាលកណ្តាលនៃការទទួលស្គាល់ខ្សែភាពយន្តឥណ្ឌា ដែលគេនិយមហៅថា ក្រុមប្រឹក្សាត្រួតពិនិត្យភាពយន្តនោះ បានបដិសេធការបញ្ចាំងខ្សែភាពយន្តនេះ ដោយអះអាងថា ភាពយន្តនេះមិនទាន់មានឯកសារពេញលក្ខណៈនៅឡើយ។

ទន្ទឹមនឹងនេះដែរ រដ្ឋចំនួន ៣ ដែលគ្រប់គ្រងដោយគណបក្ស BJP គឺរដ្ឋរ៉ាចាស្ថាន រដ្ឋអ៊ូតថាប្រាដេស និងរដ្ឋគូចារ៉ាត់ បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងមិនចាក់បញ្ចាំងខ្សែភាពយន្តនេះទេ ដោយលើកឡើងពីបញ្ហាច្បាប់និងសណ្តាប់ធ្នាប់៕

adverise with khmeread