ចាប់ខ្លួនមនុស្សទាំងហ្វូងពាក់ព័ន្ធនឹងការរៀបចំលទ្ធផលបាល់ទុកជាមុននៅលីកកំពូលថៃ, ការប្រកួតស៊ីហ្គេមថ្មីៗនេះក៏លក់គ្រាប់បាល់ដែរ

កីឡាករលំដាប់កំពូល ៥ រូប អាជ្ញាកណ្តាល ២ រូប អ្នកវិនិយោគ ៤ រូប និងនាយកប្រតិបត្តិក្លិប ១ រូប ត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការរៀបចំកំណត់លទ្ធផលប្រកួតទុកជាមុននៅក្នុងលីកថៃ។

ការចាប់ខ្លួននេះកត់សម្គាល់ពីការបង្ក្រាបយ៉ាងធ្ងន់ធ្ងរជាលើកដំបូងទៅលើការក្លែងបន្លំលទ្ធផលនៅក្នុងបាល់ទាត់ថៃ។

បុរសទាំង ១២ នាក់នេះត្រូវបាននាំទៅមន្ទីរឃុំឃាំង ប៉ុន្តែក្រោយពីនោះមកត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ។

ដីកាចាប់ខ្លួនបានលើកឡើងពីការសូកប៉ាន់កីឡាករអាជីពដើម្បីរៀបចំលទ្ធផលជាមុន និង មន្ត្រីអាជ្ញាកណ្តាលដើម្បីបំពានច្បាប់បាល់ទាត់។

បន្ទាប់ពីការស៊ើបអង្កេតដែលមានរយៈពេលជាង ៦ ខែ អាជ្ញាធរដែលស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ស្នងការនគរបាលជាតិ លោក Chakthip Chaijinda ដោយមានជំនួយពីក្រុមហ៊ុន Sportradar ដែលជាក្រុមហ៊ុនទិន្នន័យកីឡារបស់ស្វីស បានកំណត់ថា មនុស្ស ១២ នាក់ ត្រូវបានផ្សាភ្ជាប់ទៅនឹងការកំណត់លទ្ធផលប្រកួតទុកជាមុននៅក្នុងលីកថៃចំនួន ៤ ប្រកួតគឺ នៅថ្ងៃទី ២៦ កក្កដា និងថ្ងៃទី ១០, ១៧ និង ២៣ កញ្ញា។

ការសង្ស័យនៃការភ្នាល់បាល់តាមអនឡាញបានកើតឡើង នៅពេលដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនយ៉ាងចម្លែកនៅចុងម៉ោងនៃការប្រកួតទាំងនោះ។

ដោយឡែក លោក Somyot Poompanmoung ប្រធានសមាគមបាល់ទាត់ថៃ (FAT) បានទទួលស្គាល់ថា ដំណឹងពីមុនដែលថា ការរៀបចំលទ្ធផលទុកជាមុនពាក់ព័ន្ធនឹងការប្រកួតជាមួយជម្រើសជាតិកម្ពុជានិងថៃ គឺជាការពិត ប៉ុន្តែគាត់ថា ថៃមិនបានចូលរួមរៀបចំលទ្ធផលនេះទេ។

លោក Chakthip និយាយថា មន្ត្រី និងអាជ្ញាកណ្តាល អាចប្រឈមជាប់គុក ១០ ឆ្នាំ និងពិន័យ ៣០ ម៉ឺន ទៅ ៦០ ម៉ឺនបាត ចំណែកឯកីឡាករ និង អ្នកវិនិយោគអាចប្រឈមជាប់គុក ៥ ឆ្នាំ និងពិន័យ ៦០ ម៉ឺនបាត៕

adverise with khmeread