រំដោះនារី ៣ នាក់ពីស្ត្រីលក់ចាប់ហួយ និងជាម្ចាស់ហាងម៉ាស្សា ១៦៨

ភ្នំពេញ ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាប និងចាប់ឃាត់ខ្លួន មនុស្សស្រី៤នាក់ នៅហាងម៉ាស្សា មួយកន្លែង យីហោ ១៦៨ ជាប់ពាក់ព័ន្ធទៅនឹងករណីប្រព្រឹត្តសញ្ចារកម្ម កាលពី វេលាម៉ោង៣រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលស្ថិតនៅផ្ទះលេខ៧១អា ផ្លូវ២០១១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ប៉ូលិសនិយាយថា ប្រតិបត្តិការនេះមានការសម្របសម្រួល ពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អយ្យកា អមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនការិយាល័យប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ។

ប៉ូលិសបន្តថា ម្ចាស់ហាងឈ្មោះ ហុង លៀប ហៅហុង មុំ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ចាប់ហួយនៅផ្ទះលេខ៧១អា ផ្លូវ២០១១ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប៉ូលិសបន្តថា បន្ទាប់ពីកម្លាំងជំនាញ ស៊ើបអង្កេត ឃើញទីតាំងហាងម៉ាស្សា មួយកន្លែង យីហោ ១៦៨ បានប្រព្រឹត្តអំពើសញ្ចាកម្ម បើកបម្រើសេវាផ្លូវភេទ ទើបកម្លាំងការិយាល័យ និងមានការចូលរួមពីប៉ូលិសមូលដ្ឋាន អាជ្ញាធរ បើកប្រតិបត្តិការបង្ក្រាប ទីតាំងនេះ ដែលបានប្រព្រឹត្តជាក់ស្តែង អំពើសញ្ចាកម្ម រកឃើញ ស្រោមប្រើហើយ មួយចំនួន ស្រោមមិនទាន់ប្រើមួយចំនួនទៀត និង ឃាត់ខ្លួន ថៅកែ មេការស្រីម្នាក់ ស្រ្តីបម្រើសេវាម៉ាស្សា ៣នាក់ (អាយុ១៧ឆ្នាំ ២នាក់)។

ប្រភពព័ត៌មានពីនារីរងគ្រោះបានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ហាងម៉ាស្សា បើក ទទួលភ្ញៀវចាប់ពីម៉ោង៨ព្រឹករហូតដល់ម៉ោង២យប់រំលងអាធ្រាត្រ ហើយភ្ញៀវមកម៉ាស្សាក្នុង១ម៉ោង១ម៉ឺនរៀល បើរួមភេទ១ដង ២០ដុល្លារទៅ២៥ដុល្លារ។

ក្រោយពីឃាត់ខ្លួន ស្រ្តីម្ចាស់ទីតាំង ដែលជាថៅកែហាងត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង៣នាក់ត្រូវបានកម្លាំងប៉ូលិសប្រគល់ជូនខាងសង្គមកិច្ចដើម្បីធ្វើការអប់រំ៕

 

adverise with khmeread