តុលាការអន្តរជាតិក្រុងឡាអេកាត់ទោសអតីតមេបញ្ជាការសែប៊ីជាប់គុកអស់មួយជីវិតពីបទប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

អតីតមេបញ្ជាការបូស្នីសែប៊ី លោក​ Ratko Mladic ត្រូវបានកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិតពីបទប្រល័យពូជសាសន៍ និងអំពើឃោរឃៅជាច្រើនទៀតក្នុងសង្គ្រាមបូស្នីឆ្នាំ ១៩៩០។

ដោយត្រូវបានស្គាល់ថាជា "មេពេជ្ឈឃាដបូស្នី" លោក Mladic បានដឹកនាំកងកម្លាំង អំឡុងការសម្លាប់រង្គាលប្រជាជនបូស្នីមូស្លីមនៅក្នុងទីក្រុង Srebrenica និងការឡោមព័ទ្ធទីក្រុង Sarajevo។

តុលាការអ.ស.បនៅទីក្រុងឡាអេបានកាត់ទោសលោក Mladic ពីបទចោទប្រកាន់ចំនួន ១០ ករណី ក្នុងចំណោម ១១ បទចោទប្រកាន់។

លោក Mladic អាយុ ៧៤ ឆ្នាំមិនបាននៅក្នុងតុលាការទេនៅពេលដែលសាលក្រមកាត់ទោសត្រូវបានអាន។ គាត់ត្រូវបានគេនាំខ្លួនចេញក្រៅព្រោះស្រែកខ្លាំងៗដាក់ចៅក្រម។

លោក Mladic និយាយថា "វាជាការកុហក។ អ្វីគ្រប់យ៉ាងដែលអ្នកនិយាយនៅក្នុងបន្ទប់សវនាការនេះគឺជាការកុហកទាំងអស់"។

ការផ្ទុះកំហឹងនេះបានកើតឡើងបន្ទាប់ពីចៅក្រមបានច្រានចោលការស្នើសុំដោយក្រុមការពារក្តីរបស់គាត់ដើម្បីបញ្ឈប់នីតិវិធីកាត់ក្តី ដោយសារតែសម្ពាធឈាមខ្ពស់របស់លោក Mladic ។

លោក Mladic បានបដិសេធរាល់ការចោទប្រកាន់ទាំងអស់នោះ ហើយមេធាវីរបស់លោកនិយាយថា លោកនឹងប្តឹងឧទ្ធរណ៍។

លោក Mladic គឺជាមេបញ្ជាការយោធានៃកងកម្លាំងប្រដាប់អាវុធបូស្នីសែប៊ីប្រឆាំងនឹងកងទ័ពបូស្នីក្រូអាត និង កងទ័ពបូស្នីមូស្លីម។ គាត់ត្រូវបានកាត់ទោសនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់អតីតយូហ្គោស្លាវី (ICTY) ចាប់តាំងពីឆ្នាំ ២០១២។

គេបានរកឃើញថាលោក Mladic "បានរួមចំណែកយ៉ាងសំខាន់" ក្នុងអំពើប្រល័យពូជសាសន៍នៅទីក្រុង Srebrenica ក្នុងឆ្នាំ ១៩៩៥ ជាទីដែលមនុស្សប្រុសពេញកម្លាំងនិងក្មេងប្រុសបូស្នីមូស្លីមជាង ៧.០០០ នាក់ត្រូវបានធ្វើឃាត ដែលជាអំពើឃោរឃៅដ៏អាក្រក់បំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី ២។

គាត់ត្រូវបានជម្រះឱ្យរួចផុតពីការចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅក្នុងទីក្រុងផ្សេងទៀត។ ការចោទប្រកាន់ផ្សេងទៀតរួមមានឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕

adverise with khmeread