adverise with khmeread Index2

សន្តិសុខ​ក្លឹប​កម្សាន្ត Relax បាន​ដេញ​វាយ​ភ្ញៀវ​២​នាក់​រហូតដល់​ផ្ទះ​របួស​ធ្ងន់​

    ភ្នំពេញ​៖ បុរស​២​នាក់​បាន​រងរបួស​ធ្ងន់​បន្ទាប់ពី​ពួកគេ​បាននាំគ្នា​ចូលទៅ​រាំង​លេង​នៅក្នុង​ក្លឹប​កម្សាន្ត​យីហោ Relax ហើយ​ត្រូវ​សន្តិសុខ​ក្លឹប​ដេញ​វាយ​រហូតដល់​ក្នុងផ្ទះ​បណ្តាល​បែកក្បាល​ហូរឈាម​ស្រោច​ខ្លួន ។​

    អំពើហិង្សា​ខាងលើនេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៨​យប់​ថ្ងៃទី ១៧​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦ នៅក្នុង​ក្លឹប​កំសាន្ត​តែម្តង​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ២០១១ ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

    ជនរងគ្រោះ​ទាំង​២​នាក់​ដែល​រងរបួស​ធ្ងន់​នោះ​ឈ្មោះ ១-​ផល មុន្នី​ទិ​ត្យា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មានមុខ​របរ ជា​អ្នកបើករថយន្ត ជួល​ដឹក​អីវ៉ាន់​មាន​ទីលំនៅ​ផ្ទះ​លេខ​៣១០ ផ្លូវ​២០១១ សង្កាត់​កា​កាប​ខណ្ឌ​ពោធិ៍​សែន​ជ័យ រងរបួស​បែកក្បាល ដោយសារ​ក្រុម​សន្តិសុខ​វាយ​មួយ​អាយកូម ចំ​កណ្តាល​ក្បាល និង​ទី​២-​ឈ្មោះ​ហួត កក្ត​ដា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​មុខរបរ​លក់​ឈើ​នៅផ្ទះ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍ចិនតុង រងរបួស​ពក​ក្បាល ហើយ​សន្លប់ ។​

      បើតាម​សំដី​របស់​ជនរងគ្រោះ​ឈ្មោះ​មុន្នី​ទិ​ត្យា ដែល​រងរបួស​បែកក្បាល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបគេ​និង​មិត្ត​ភក្ត្រ​ម្នាក់ទៀត (​ជនរងគ្រោះ​ដែល​សន្លប់​) បាននាំគ្នា​ចូល​រាំលេង​កម្សាន្ត​ក្នុង​ក្លឹប Relax ។​

    លុះ​ពេល​ចូល​ផឹក​សី​ុ​និង​រាំលេង​បាន​មួយសន្ទុះ ស្រាប់​តែមាន​សន្តិសុខ​ចូលមក​ចាប់​ក្រៀក​មិត្ត​របស់គេ​ចេញមកក្រៅ​ដោយ​ចោទថា​រាំ​រញ៉េរញ៉ៃ​ពេក​។​ឃើញ​ដូចនេះ​រូបគាត់​បាន​ចូលទៅ​ឃាត់ និង​បាន​សួរថា​មានរឿង​អ្វី​បានជា​ចាប់​ក្រៀក​មនុស្ស​ទាំង​រស់​ដូចនេះ ។​

    ស្រាប់​តែមាន​សន្តិសុខ​ម្នាក់​ក្នុងចំណោម​សន្តិសុខ​ទាំងអស់​ប្រហែល​ជាង​១០​នាក់ បាន​វាយ​រូបគេ​មួយ​ដៃ ទើប​ធ្វើ​ឲ្យ​មានការ​ប្រទូស្ត​សារាយ​គ្នា​មួយ​ប្រាវ ។​

     ជនរងគ្រោះ​រូបនេះ​បាន​បន្តទៀតថា ដោយ​មើលឃើញ​ស្ថាន​ភាពមិន​ស្រួល ព្រោះ​គេ​មាន​គ្នា​ច្រើនជាង​ខ្លួន ទើប​រូបគេ​បាន​ស្រែកប្រាប់​មិត្ត​ភក្ត្រ​គេ​ថា រត់​ទៅផ្ទះ​យើង ទើប​រូបគេ​បាន​រត់គេច​ចេញពី​បរិវេណ​ក្លឹប​សំដៅ​មក​ផ្ទះ​ដែល​នៅក្បែរ​នោះដែរ ។​

    តែ​ពេល​រត់​ចូលដល់​ផ្ទះ​ហើយ​ក្រុម​សន្តិសុខ​នៅតែ​រត់តាម​មកពី​ក្រោយ​រហូត​វាយ​ក្បាល​គេ​មួយ​អាយកូម​បែក​ហូរឈាម​ស្រោច​ពេញ​ខ្លួន ថែមទាំង​ស្រែកថា​
"​ចោរៗ​ទៀតផង "​។​

     បើតាម​សំដី​ជនរងគ្រោះ​ម្នាក់ទៀត​ដែល​សន្លប់​នោះ​វិញ​បាន​ឲ្យ​ដឹងថា ពេល​មានរឿង​ភ្លាម រូបគាត់​ប្រឹង​រត់គេច​ចេញពី​ក្លឹប​សំដៅ​មក​ផ្ទះ នៅក្បែរ​ផ្លូវ​រថភ្លើង តែ​ត្រូវ​ក្រុម​សន្តិសុខ​មាន​គ្នាច្រើន​រត់តាម​ពីក្រោយ​ដោយ​ស្រែកថា​ចោរៗ ធ្វើ​ឲ្យ​រូបគាត់​ភ័យ​រត់​ចូល​បូរី​មួយកន្លែង​ដែល​នៅក្បែរនោះ ហើយ​ត្រូវ​ក្រុម​សន្តិសុខ​តាម​ទាន់​ព្រួត​វាយ​រហូត​សន្លប់ និង​ត្រូវបាន​បងប្អូន​ជនរងគ្រោះ​យកទៅ​គ្លី​និ​ច​ក្បែរ​នោះ​ភ្លាមៗ​ដែរ ។​

     ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំង​២​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​កា​កាប ។​ឯ​ជនដៃដល់​មិន​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បានទេ តែ​ជនរងគ្រោះ​បាន​អះអាងថា​បាន​ស្គាល់​ភិនភាក​ជនដៃដល់​អស់ហើយ ៕​

adverise with khmeread

មតិយោបល់