Caffee drinkers

ការសិក្សាបង្ហាញថា អ្នកផឹកកាហ្វេកម្រិតមធ្យមរស់បានកាន់តែយូរ

នេះជាដំណឹងល្អសម្រាប់អ្នកនិយមផឹកកាហ្វេទាំងឡាយ។ ផ្ទុយពីការសិក្សាមុនៗដែលអះអាងថាកាហ្វេអាចធ្វើឲ្យមនុស្សស្លាប់មុនអាយុនោះ ការសិក្សាថ្មីបានបង្ហាញថា ការផឹកកាហ្វេកម្រិតមធ្យមអាចជួយបន្លាយជីវិតរបស់មនុស្សទៅវិញ។ 

យោងតាមការសិក្សាដែលចេញផ្សាយក្នុងទស្សនាវដ្តី Circulation បានឲ្យដឹងថា មនុស្សដែលផឹកកាហ្វេក្នុងកម្រិតមធ្យមអាចកាត់បន្ថយហានិភ័យនៃការស្លាប់ដោយសារមូលហេតុជាច្រើន។ 

ពួកអ្នកស្រាវជ្រាវបានពិនិត្យតាមដានការផឹកកាហ្វេរបស់មនុស្សប្រុសស្រីចំនួន ២០៨.៥០០ នាក់ក្នុងអំឡុងរយៈពេល ៣០ ឆ្នាំ។ រាល់ ៤ ឆ្នាំម្តង ពួកអ្នកស្ម័គ្រចិត្តដែលចូលរួមក្នុងការសិក្សានេះត្រូវតែបំពេញការស្ទាបស្ទង់មួយ ដែលសួរពួកគេអំពីបែបផែនជីវិតរបស់ពួកគេ រួមទាំងបរិមាណកាហ្វេដែលពួកគេបានផឹកផងដែរ។ 

អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលផឹកកាហ្វេតិចជាង ៥ ពែងជាទៀតទាត់ក្នុងមួយថ្ងៃបានថយចុះហានិភ័យក្នុងការស្លាប់ដោយសារជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺទាក់ទងខួរក្បាល និងការធ្វើអត្តឃាត។ 

ការសិក្សាផ្សេងទៀតបានរកឃើញថា សមាសធាតុរបស់កាហ្វេគឺសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងភ្នាក់ងារប្រឆាំងនឹងការហើមរលាក។ នេះជាហេតុផលដ៏ធំមួយ ដែលថាកាហ្វេមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព៕ 

ប្រភព៖ ឌីផ្លាយ

មតិយោបល់