adverise with khmeread Foster huntington treehouse2 600x397

ចោល​អាជីព​លុយ​វាល់​លាន​មក​សង់ផ្ទះ​លើ​ដើមឈើ​

​    ​ដោយ​ពុំមាន​ក្តី​រីករាយ​នឹង​អាជីព​លុយ​វាល់​លាន​ក្នុង​វិស័យ​សម្លៀកបំពាក់​ទាន់សម័យ អ្នករស់នៅ​ក្រុង​ញូវយ៉ក​ម្នាក់​ឈ្មោះថា Foster Huntington សុខចិត្ត​លះបង់​អាជីព​ប្រាប់​ខែ​ខ្ពស់​របស់ខ្លួន​ដើម្បី​រស់នៅ​តាម​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​របស់គាត់​ទៅវិញ​។ ឥឡូវ​គាត់​មានឈ្មោះ​ល្បី​លើ​ទំព័រ​កាសែត ដោយសារ​បាន​សាងសង់​ផ្ទះ​លើ​ដើមឈើ​ដ៏​ស្រស់ស្អាត​។ ផ្ទះ​នេះ​មាន​ឈ្មោះថា Bro-topia សង់​ឡើង​ភ្ជាប់​ទៅនឹង​ដើមឈើ​ដោយ​បំពាក់​ស្ពាន​យោល​នៅ​កូនភ្នំ​មួយ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន​ភាគ​និរតី​។

​    ​រឿងរ៉ាវ​ទាំង​អំបាលម៉ាន​បានចាប់ផ្តើម​ក្នុង​ឆ្នាំ ២០១១ នៅពេល​លោក Foster លាឈប់​ពី​ការងារ​របស់គាត់​នៅ​ក្រុមហ៊ុន Ralph Lauren លក់​រាល់​របស់របរ​ផ្ទាល់ខ្លួន និង​រស់នៅក្នុង​រថយន្ត​ចល័ត​រយៈពេល​រាប់​ខែ​។ លោក​បានធ្វើការ​ជា​អ្នក​រចនា​ម៉ូត​សម្លៀកបំពាក់​សម្រាប់​បុរស ហើយ​ទោះបីជា​គាត់​ដំបូង​ឡើយ​យល់ឃើញថា​ការងារ​ផ្នែក​រចនា​ម៉ូត​គួរឱ្យ​រំភើប​និង​មានការ​ប្រជែង​ស្វិតស្វាញ​យ៉ាងណាក៏ដោយ ក៏​គាត់​នៅ​ទីបំផុត​បានដឹង​ខ្លួនឯង​ថា​គាត់​ពុំ​សូវ​ខ្វល់​អំពី​សម្លៀកបំពាក់​ប៉ុន្មាន​ទេ​។ លោក​បាន​ប្រាប់​កាសែត New York Times ថា "​ខ្ញុំ​នៅចាំ​បាន​ថា​ខ្ញុំ​បាន​មើល​រូបភាព​ដីព្រៃ​ជាច្រើន​កន្លែង​នៅ​អា​ឡា​ស្កា និង​ពិភព​ធម្មជាតិ​ដ៏​អស្ចារ្យ​របស់​វា ហើយ​ខ្ញុំ​បាន​នឹក​គិតថា ខ្ញុំ​នឹង​អាចមក​ថតរូប​ទីនេះ និង​មិន​ចង់​រស់នៅក្នុង​ទីក្រុង​តទៅទៀត​ទេ​។ ខ្ញុំ​ចង់ទៅ​ធ្វើ​អ្វី​ផ្សេង​"​។

​    ​ដូច្នេះ​លោក​ក៏បាន​បន្ត​ការដើរ​ថតរូប​មួយរយៈ​ពេល ដោយ​រកលុយ​បាន​តាមរយៈ​ការបង្កើត​សៀវភៅ​រូបភាព ប៉ុន្តែ​ក្នុង​ឆ្នាំ ២០១៤ លោក​បាន​សម្រេចចិត្តថា លោក​ចង់​ចំណាយពេល​របស់លោក​ដើម្បី​បំពេញ​ក្តី​បំណង​កាលពី​តូច​ក្នុងការ​សាងសង់​ផ្ទះ​លើ​ដើមឈើ​តាម​រឿងព្រេង​។ លោក​ក៏​ចាប់ផ្តើម​សន្សំ​លុយ រក​មិត្តភក្តិ​ពីរ​នាក់​ពេលធ្វើ​ដំណើរ​ត្រាច់ចរ​តាមផ្លូវ និង​ចាប់ផ្តើម​ការងារ​លើ​គម្រោង​សាងសង់​ផ្ទះ​ក្តី​សុបិន​នៅលើ​ដី​គ្រួសារ​របស់គាត់​នៅ​តំបន់ Skamania រដ្ឋ​វ៉ាស៊ីនតោន​។

​    ​លោក​បាន​ប្រាប់​វេ​ប​សាយ ABC News ថា "​ខ្ញុំ​បាន​សន្សំ​ប្រាក់ ហើយ​ខ្ញុំ​តែងតែ​ចង់​សាងសង់​ផ្ទះ​ដើមឈើ និង​បាន​សម្រេចចិត្ត​ត្រូវតែ​ធ្វើ​វា​ឱ្យបាន​។ យើង​តែងតែ​ទៅ​មើល​ដី និង​ជំរំ​ផ្ទះ​គ្រួសារ​ខ្ញុំ ហើយ​វា​ពិត​ជាមាន​ដើមឈើ​អស្ចារ្យ និង​ជា​ប្រភេទ​ឈើ​អាច​សាង​សង់ផ្ទះ​ពីលើ​បាន​។ ខ្ញុំ​បាន​តេ​ទៅ​មិត្តភក្តិ​ម្នាក់​របស់ខ្ញុំ​មកពី​សាកលវិទ្យាល័យ ដែលជា​ជាងឈើ និង​ជា​អ្នក​រចនា​ម៉ូត ហើយ​យើង​ក៏​ចាប់ផ្តើម​គម្រោងការ​សាងសង់​នេះ​តែម្តង​"​។

​    ​អ្នក​ទាំងពីរ​បានចាប់ផ្តើម​ចងមិត្ត​ជាមួយ​មនុស្ស​ជាច្រើន​រហូតដល់​ពួកគេ​មាន​គ្នា​ដល់​ទៅ ២០ នាក់​ធ្វើ​ការងារ​សាងសង់​នេះ​។ លោក Foster បាន​ពន្យល់​បកស្រាយ​ថា "​យើង​បានចាប់ផ្តើម​សាងសង់​ផ្ទះ​នៅលើ​ដើមឈើ​នៅ​ខែមិថុនា ឆ្នាំ​២០១៤"​។ លោក​បាន​បន្ថែមថា យើង​ពុំមាន​ផែនការ​រឹងមាំ​ណាមួយ​ទេ ពេល​ចាប់​ផ្តើមដំបូង ប៉ុន្តែ​ចេះតែធ្វើៗ​ទៅ​ឱ្យតែ​ទៅមុខ​។   

​    ​ផ្ទះ​របស់គាត់​បានបញ្ចប់​ការសាងសង់​កាលពី​ចុងឆ្នាំ ២០១៥ កន្លងទៅនេះ​ទេ​៕

 

adverise with khmeread
ប្រភព៖ News York Times

អ្នកនឹងចូលចិត្ត

មតិយោបល់