ការងាររបស់មនុស្សចំនួនប្រហែល ៣៧៥ លាននាក់នឹងត្រូវជំនួសដោយមនុស្សយន្តត្រឹមឆ្នាំ ២០៣០

របាយការណ៍ថ្មីមួយបានព្រមានធ្ងន់ៗអំពីកម្លាំងពលកម្មលើសកលលោក ដោយឱ្យប្រកាន់ខ្ជាប់នូវភាពបត់បែនជានិច្ច។

វិទ្យាស្ថាន McKinsey Global Institute បានព្រមានថា និយោជិត ៣៧៥ លាននាក់ នឹងត្រូវប្តូរទៅរកការងារប្រភេទផ្សេងនៅត្រឹមឆ្នាំ ២០៣០ ដោយសារតែស្វ័យប្រវត្តិកម្ម ឬ មនុស្សយន្តធ្វើការជំនួសមនុស្ស។

ការងារដែលងាយនឹងបាត់បង់ទៅមនុស្សយន្តបំផុតរួមមានការងារប្រើកម្លាំងបាយ ដូចជា ការងារនៅផ្នែកម៉ាស៊ីនប្រតិបត្តិការ ឬ ការរៀបចំអាហារ Fast Food។ ការងារនៅផ្នែកប្រមូលនិងដំណើរការទិន្នន័យ ការងារផ្តល់ប្រាក់កម្ចី ជំនួយការមេធាវី ការងារគណនេយ្យ និងការងារផ្នែកទទួលភ្ញៀវជាច្រើនមុខងារ ក៏នឹងបាត់បង់ដែរ។

ដើម្បីមានការងារធ្វើ បុគ្គលិកទាំងអស់នេះត្រូវតែហ្វឹកហាត់ជំនាញក្នុងវិស័យផ្សេងចាប់ពីឥឡូវនេះទៅ។ ប៉ុន្តែរដ្ឋាភិបាល និងក្រុមហ៊ុនលើពិភពលោកក៏ត្រូវជួយសម្រួលឱ្យបានរលូនដល់ដំណើរការផ្លាស់ប្តូរដ៏កក្រើកនេះដែរ។

លោកស្រី Susan Lund ដៃគូរបស់វិទ្យាស្ថាន McKinsey Global Institute និងជាសហនិពន្ធរបាយការណ៍នេះ បានប្រាប់ CNN Tech ថា "លំនាំមួយ ដែលមនុស្សទៅសាលារៀន ២០ ឆ្នាំ និងធ្វើការ ៤០ ទៅ ៥០ ឆ្នាំបន្ទាប់ គឺបានខូចអស់ហើយ។ យើងនឹងត្រូវគិតគូរអំពីការរៀនសូត្រ និង ហ្វឹកហ្វឺនជំនាញពេញមួយអាជីពការងាររបស់យើង"។

អ្នកនិពន្ធរបាយការណ៍រូបនេះជឿថា យើងនឹងឃើញមានការផ្លាស់ប្តូរលំនាំការងារទ្រង់ទ្រាយធំមិនធ្លាប់ឃើញ ចាប់តាំងពីដើមទសវត្សរ៍ ១៩៩០ នៅពេលបុគ្គលិកប្តូរពីធ្វើកសិកម្មមកធ្វើការងាររោងចក្រ៕

adverise with khmeread